ស៊ីហ្គេម៖ វៀតណាមបានកំណត់កាលបរិច្ឆេទនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ជាផ្លូវការហើយដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្របពេលឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដឹកនាំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការកំណត់កាលថ្ងៃប្រកួតស៊ីហ្គេម និងការប្រកាសឯកឧត្តមបណ្ឌិត ថោង ខុន ជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ាននេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូនេះតាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារនៃម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ពិសេសស៊ីហ្គេមនៅវៀតណាមដែលត្រូវបានម្ចាស់ផ្ទះអះអាង និងធានាជាថ្មីថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។ ឯកឧត្តម វ៉ាត់ ចំរើន បានគូបញ្ជាក់បន្ថែមថា អ្វីដែលពិសេស និងជាថ្ងៃសំខាន់ដែលកម្ពុជាទន្ទឹងរង់ចាំ គឺក្លាយជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដឹកនាំ និងការសម្រេចផ្សេងៗរបស់ស្ថាប័នកីឡាប្រចាំតំបន់នេះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាអំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ហើយបណ្ដាប្រទេសសមាជិកស៊ីហ្គេមទាំងអស់ សុទ្ធតែបានសាទរ និងគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ ផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញពីការទទួលធ្វើម្ចាស់ផ្ទះដោយភាពកក់ក្តៅ កិត្តិយសជាតិ កិត្យានុភាពជាតិ ក្នុងនាមជាប្រទសដែលមានអរិយធម៌ វប្បធម៌ដ៏សម្បូរបែប ជាមួយការបង្ហាញសក្តានុពលជាតិទៅកាន់អន្តរជាតិ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ពិសេសកិច្ចប្រជុំនៅកម្ពុជាដែលគ្រោងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ២០២២ មុនឈានដល់ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផ្លូវការនៅកម្ពុជានាឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា