ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វានឹងពិបាកខ្លាំងសម្រាប់អ៊ុយក្រែន ដើម្បីយកតំបន់គ្រីម៉េ មកវិញពីរុស្ស៊ី។ លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ អំពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ក្នុងការជំរុញការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។
លោកនិយាយថា «ខ្ញុំមិនពេញចិត្ត រឿងកាលពីយប់ម្សិលមិញ» ដោយនិយាយសំដៅទៅលើការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើរដ្ឋធានីគីវរបស់អ៊ុយក្រែន ដែលបានបណ្តាលឱ្យមនុស្ស១២នាក់ស្លាប់។ លោកនិយាយថា «យើងកំពុងស្ថិតនៅចំកណ្តាលនៃការចរចាសន្តិភាព ហើយមីស៊ីល ត្រូវបានបាញ់ នោះហើយជារឿងដែលខ្ញុំមិនសប្បាយចិត្ត»។
ទាក់ទងនឹងតំបន់គ្រីម៉េ លោក Trump បាននិយាយថា «គេបានប្រគល់តំបន់នេះរួចហើយ» នៅពេលនោះរុស្ស៊ី ក៏បានដាក់បញ្ចូលជាឯកតោភាគីក្នុងឆ្នាំ២០១៤។ លោកបាននិយាយបន្តថា «មែនហើយ តើអ្នកអាចយកវាមកវិញបានទេ? ខ្ញុំគិតថា វានឹងក្លាយជារឿងពិបាកធ្វើ»។ នៅពេលត្រូវបានសួរថាតើសម្បទានអ្វីខ្លះដែលរុស្ស៊ីបានផ្តល់រហូតមកដល់ពេលនេះ លោក Trump បាននិយាយថា «បញ្ឈប់សង្រ្គាម បញ្ឈប់ការដណ្តើមយកប្រទេសទាំងមូល»។ លោកបានពណ៌នាថានេះគឺជា «សម្បទានដ៏ធំ»។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ផែនការសន្តិភាព ដែលស្នើឡើងដោយរដ្ឋបាលលោក Trump រួមមាន «តាមជាក់ស្តែង» ការទទួលស្គាល់របស់សហរដ្ឋអាមេរិកលើការគ្រប់គ្រងរបស់រុស្ស៊ីនៅតំបន់គ្រីម៉េ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទទូចថា អ៊ុយក្រែននឹងមិនទទួលស្គាល់ការចូលកាន់កាប់នៅតំបន់គ្រីម៉េឡើយ។