លោក Abdul-Malik al-Houthi មេដឹកនាំក្រុមហ៊ួទីនៅប្រទេសប្រទេសយេម៉ែន បាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួន ២៦០លើក លើប្រទេសនេះ ក្នុងរយៈពេលមួយ សប្តាហ៍កន្លងទៅនេះ។

លោកបាននិយាយនៅក្នុងសន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍ Al Masirah ថា៖«សប្តាហ៍នេះ សត្រូវរបស់អាមេរិក បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ដើម្បីធ្វើការវាយប្រហារជាង ២៦០លើក ទៅលើគោលដៅស៊ីវិល»។
យោងតាមមេដឹកនាំហ៊ួទីរូបនេះបានឲ្យដឹងថា ផ្លូវហាយវេ និងផ្លូវថ្នល់ ផ្សារ និង ទីបញ្ចុះសព ត្រូវរងការវាយប្រហារ។

បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ួទី ដែលត្រូវបានគេស្គាល់ថា ជាក្រុម Ansar Allah បាននិយាយថា ពួកគេនឹងវាយប្រហារទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលមានទំនាក់ទំនងជាមួយប្រទេសនោះ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab។ ការវាយប្រហារ ត្រូវបានបញ្ចប់ បន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន នៅពាក់កណ្តាលខែមករា ប៉ុន្តែបន្ទាប់ពីបទឈប់បាញ់ បានដួលរលំ នៅដើមខែមីនា ក្រុមឧទ្ទាមនេះ បានបន្តការវាយប្រហារឡើងវិញ។
នៅថ្ងៃទី ១៥ ខែមីនា លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហ៊ួទី ដែលគ្រប់គ្រងប្រហែលមួយភាគបីនៃទឹកដីរបស់ប្រទេសយេម៉ែន។ យោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ប្រតិបត្តិការនេះ មានគោលបំណងការពារផលប្រយោជន៍សហរដ្ឋអាមេរិក និងសេរីភាពនៃការធ្វើនាវាចរណ៍។ ក្រុមហ៊ួទី បានឆ្លើយតបជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន ទៅលើនាវាផ្ទុកយន្តហោះអាមេរិក Harry Truman នៅសមុទ្រក្រហម។