យោងតាមការសិក្សាថ្មីដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកអាចនឹងស្ថិតនៅលើមាត់ជ្រោះនៃការកើតឡើងវិញជំងឺកញ្ជ្រឹលទ្រង់ទ្រាយធំ ខណៈអត្រានៃការចាក់វ៉ាក់សាំងបន្តធ្លាក់ចុះនៅទូទាំងរដ្ឋមួយចំនួន។ ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Stanford បានប្រើប្រាស់គំរូក្លែងប្រដូចការពិតដើម្បីវាយតម្លៃការចូលមកនិងការរាលដាលយ៉ាងខ្លាំងក្លានៃជំងឺរាតត្បាតដែលអាចការពារបានដោយវ៉ាក់សាំង នៅទូទាំងរដ្ឋចំនួន៥០របស់សហរដ្ឋអាមេរិក។
គំរូនេះ បានវាយតម្លៃពីសេណារីយ៉ូដោយអត្រានៃការចាក់វ៉ាក់សាំងផ្សេងៗគ្នាអំឡុងពេល២៥ឆ្នាំខាងមុខ។ នៅក្នុងកម្រិតនៃការចាក់វ៉ាក់សាំងបច្ចុប្បន្ន គំរូដែលជំងឺកញ្ជ្រឹលអាចកើតឡើងវិញនូវស្ថានភាពរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក អាចបណ្តាលឱ្យមានប្រហែល ៨៥១.៣០០ករណីក្នុងរយៈពេល២៥ឆ្នាំខាងមុខ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងការសែតសមាគមវេជ្ជសាស្ត្រអាមេរិក។
ប្រសិនបើអត្រានៃការចាក់វ៉ាក់សាំងនឹងធ្លាក់ចុះ១០ភាគរយ ការសិក្សា បានប៉ាន់ប្រមាណថា ប្រទេសនេះអាចមើលឃើញករណីជំងឺកញ្ជ្រឹលចំនួន១១,១លានករណីក្នុងអំឡុពេលដូចគ្នានេះ។ ការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៥០ភាគរយ អាចនាំឱ្យកើតមានជំងឺកញ្ជ្រឹលចំនួន៥១,២លានករណី រួមជាមួយនឹងករណីជំងឺស្អូច និងជំងឺខាន់ស្លាក់។
ការរកឃើញទាំងនេះ គាំទ្រដល់តម្រូវការដើម្បីបន្តការចាក់វ៉ាក់សាំងដល់កុមារជាប្រចាំក្នុងកម្រិតគ្របដណ្តប់ខ្ពស់ ដើម្បីការពារការកើតឡើងវិញជំងឺឆ្លងដែលអាចការពារដោយវ៉ាក់សាំងនៅក្នុងប្រទេស នេះបើយោងតាមការសិក្សា។