បើយោងតាមការវិភាគពីវិទ្យាស្ថាន ស្តីពីពន្ធដារ និងគោលនយោបាយសេដ្ឋកិច្ច បានបង្ហាញថា វិធានការពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើឲ្យអត្រាពន្ធឡើងខ្ពស់ សម្រាប់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប ដោយមានកម្រិតច្រើនជាង ៣ដង បើប្រៀបធៀបនឹងការបង់ពន្ធរបស់ប្រជាជនអាមេរិកដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវការវិវត្តសង្គម បានគូសបញ្ជាក់អំពីផលប៉ះពាល់ដល់ប្រជាជនអាមេរិកគ្រប់មជ្ឈដ្ឋាន ប្រសិនបើពន្ធគយដែលកំពុងចូលជាធរមាននាពេលបច្ចុប្បន្ននេះ នៅតែមានដដែល សម្រាប់ឆ្នាំ២០២៦។
របាយការណ៍នោះបានឲ្យដឹងថា អ្នកដែលរកចំណូលបាន ២៨.៦០០ដុល្លារ ឬតិចជាងនេះ នឹងត្រូវចំណាយបន្ថែម ៦,២ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ ខណៈដែលជនជាតិអាមេរិកដែលមានប្រាក់ចំណូលយ៉ាងតិច ៩១៤.៩០០ដុល្លារ ត្រូវបានគេរំពឹងថា នឹងចំណាយ ១,៧ភាគរយបន្ថែម។ ក្រុមគ្រួសារមានចំណូលមធ្យមដែលរកបានចន្លោះពី ៥៥.១១០ដុល្លារ ទៅ ៩៤.១០០ដុល្លារ នឹងបង់បន្ថែម ៥ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ។
គួរបញ្ជាក់ថា លោក Trump បានប្រកាសដាក់កាតព្វកិច្ចពន្ធយ៉ាងធ្ងន់ធ្ងរបំផុតរបស់អាមេរិក ដែលជាលើកដំបូងក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ក្នុងនោះរួមទាំងពន្ធ ១៤៥ភាគរយលើផលិតផលជាច្រើននាំចូលពីប្រទេសចិន អត្រា ២៥ភាគរយលើការនាំចូលភាគច្រើនពីកាណាដា និងម៉ិកស៊ិក ព្រមទាំងពន្ធលើវិស័យមួយចំនួន ដូចជាដែកថែប និងអាលុយមីញ៉ូម ក៏ដូចជាពន្ធមូលដ្ឋាន ១០ភាគរយលើដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ប្រទេស។
តែយ៉ាងណាក្ដី លោកបានផ្អាកការយកពន្ធខ្ពស់នេះ ដោយប្រទេសភាគច្រើនរួចពីការតព្វកិច្ចពន្ធនេះរយៈពេល ៩០ថ្ងៃ។ អ្នកសេដ្ឋកិច្ចបានព្រមានថា នៅទីបំផុត ការចំណាយខ្ពស់ ដោយសាការដំឡើងពន្ធនេះ នឹងត្រូវធ្លាក់ទៅលើអ្នកប្រើប្រាស់អាមេរិក៕