ក្រុមមន្រ្តីរដ្ឋ New Jersey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចោទប្រកាន់យុវជនម្នាក់ថាបានដុតភ្លើងបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅទីក្រុង Pinelands របស់រដ្ឋមួយនេះ ដែលស្ថិតក្នុងចំណោមភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋនៅសហរដ្ឋអាមេរិកមួយនេះ ។
ការិយាល័យរដ្ឋអាជ្ញាស្រុក Ocean បានផ្តល់អត្តសញ្ញាណជនសង្ស័យថា មានឈ្មោះ Joseph Kling អាយុ ១៩ឆ្នាំ ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យុវជន Kling បានដុតបន្ទះឈើ ហើយក្រោយមកបានចាកចេញពីទីនោះដោយពុំបានពន្លត់ភ្លើងឲ្យរលត់ទាំងស្រុងនោះទេ ។
លោករដ្ឋអាជ្ញា Bradley D. Billhimer និយាយថា យុវជនម្នាក់នេះ នឹងត្រូវកាត់ទោសតាមវិសាលភាពពេញលេញបំផុតរបស់ច្បាប់ ។
ខណៈពេលនោះដែរ ក្រុមមន្រ្តីនិយាយថា ភ្លើងឆេះព្រៃនៅរដ្ឋ New Jersey អាចនឹងបញ្ចប់ទៅក្នុងនាមជាភ្លើងឆេះព្រៃធំបំផុតក្នុងរដ្ឋ នារយៈពេល ២០ឆ្នាំ ។
ក្រុមមន្រ្តីរដ្ឋ New Jersey និយាយកាលពីថ្ងៃពុធថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅទីក្រុង Pinelands អាចនឹងក្លាយជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ ។
ភ្លើងឆេះព្រៃ Jones Road បានលេបត្របាក់ដីព្រៃចំនួនជាង ៦ពាន់ហិចតា ហើយអគារពាណិជ្ជកម្មមួយខ្នង រងការបំផ្លិចបំផ្លាញផងដែរ ៕