កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អភិបាលក្រុងញូវយ៉កលោក Eric Adams ជាមួយលោកស្នងការនគរបាលក្រុង Jessica Tisch បានចូលរួមពិធីកិនកម្ទេចចោលអាវុធខុសច្បាប់ ៣.៥៧៥ដើម នៅក្រុមហ៊ុន Reworld គឺជាក្រុមហ៊ុនបំផ្លាញអាវុធ មានមូលដ្ឋាននៅទីក្រុង Westbury ។
អាវុធដែលរួមមាន កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ កាំភ្លើងវែង និងកាំភ្លើងខ្លីជាច្រើនប្រភេទ ត្រូវបានដាក់នៅលើខ្សែពាន រួចហើយកិនកម្ទេចចោល ។
លោក Adams និយាយថា ពួកយើងប្រមូលបានកាំភ្លើងខុសច្បាប់ជាង ២១.៤០០ដើមនៅតាមផ្លូវ ក្នុងនោះកាំភ្លើងជាង ១.៦០០ដើមក្នុងចំណោមកាំភ្លើងទាំងនោះ ត្រូវប្រមូលបាននៅក្នុងឆ្នាំនេះ។
លោកបន្តថា នៅថ្ងៃនេះ ពួកយើងបញ្ជូនអាវុធខុសច្បាប់ ៣.៥៧៥ដើម មកកម្ទេចចោល ហើយទីក្រុងរបស់លោកនឹងបន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាកាំភ្លើង ។
លោក Adams បញ្ជាក់ថា ទាំងនេះគឺជាអាវុធបំផ្លិចបំផ្លាញ អាវុធបង្កការឈឺចាប់ អាវុធបង្កភាពវឹកវរដែលពួកយើងប្រមូលបានតាមផ្លូវ ។ រាល់កាំភ្លើងទាំងអស់នេះ ត្រូវតែបំផ្លាញចោល មិនត្រូវប្រើប្រាស់វាដើម្បីគំរាមកំហែង សម្លាប់ ឬធ្វើឲ្យនគរបាលម្នាក់រងរបួសនោះឡើយ ។
លោកថា រាល់អាវុធខុសច្បាប់និមួយៗដែលពួកយើងបានបំផ្លាញ នឹងសង្រ្គោះអាយុជីវិតមនុស្ស បើទោះបីជាវាមិនច្រើនជាងជីវិតមនុស្សម្នាក់ក៏ដោយ ៕