ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកចង់ឆ្លើយសំណួរអំពីលទ្ធភាពនៃការរឹតបន្តឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី «ក្នុងរយៈពេលមួយសប្តាហ៍»។
មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មាន ក្នុងឱកាសថតរូបនៅឯកិច្ចប្រជុំរបស់លោក ជាមួយនាយករដ្ឋមន្រ្តីន័រវែសលោក Jonas Gahr Store នៅក្នុងការិយាល័យរាងពងក្រពើនៃសេតវិមានថា៖«ខ្ញុំចង់ឆ្លើយសំណួរនោះ ក្នុងរយៈពេលមួយសប្តាហ៍។ ខ្ញុំចង់មើលថាតើយើងអាចមានកិច្ចព្រមព្រៀងដែរឬទេ។ គ្មានហេតុផលដើម្បីឆ្លើយសំណួរនេះ នាពេលឥឡូវនេះទេ»។
នាពេលមុននេះ លោក ត្រាំ បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងដំណោះស្រាយសម្រាប់អ៊ុយក្រែន នឹងត្រូវបានសម្រេច ក្នុងសប្តាហ៍នេះ។ លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ Truth Social ថា សង្ឃឹមថារុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើកិច្ចព្រមព្រៀងមួយ នៅសប្តាហ៍នេះ។ ប្រទេសទាំងពីរ នឹងចាប់ផ្តើមធ្វើកិច្ចការ ដ៏ធំមួយជាមួយសហរដ្ឋអាមេរិក»។ កាលពីថ្ងៃពុធ មេដឹកនាំអាមេរិករូបនេះ ក៏បាននិយាយដែរថា លោកបានកំណត់ពេលវេលាផ្ទាល់ខ្លួនសម្រាប់ការចូលរួមក្នុងការចរចា ប៉ុន្តែមិនបានបង្ហាញពីពេលវេលាទាំងនោះទេ។