យោងតាមអង្គការសហប្រជាជាតិ (UN) និងទិន្នន័យពីស្ថាប័នឃ្លាំមើលវិបត្តិ បានឲ្យដឹងថា របបយោធា នៅសហភាពមីយ៉ាន់ម៉ា បានបន្តយុទ្ធនាការយោធាយ៉ាងខ្លាំងក្លា ក្នុងនោះមានរួមទាំងការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំផងដែរ បើទោះបីជាមានការប្រកាសបទឈប់បាញ់បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់កាលខែមីនាក៏ដោយ។
រញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតកើតមាននៅប្រទេសក្រីក្រនេះជាលើកដំបូង ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ បាននាំឲ្យមានកិច្ចប្រឹងប្រែងសង្គ្រោះពហុជាតិ ដើម្បីជួយមនុស្សរាប់សែននាក់ដែលរងទុក្ខរួចទៅហើយដោយសារជម្លោះ និងការអំពាវនាវជាថ្មីម្តងទៀតជាអន្តរជាតិឲ្យបញ្ឈប់ការប្រយុទ្ធគ្នា។
កាលពីថ្ងៃទី២ ខែមេសា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាពីក្រុមប្រដាប់អាវុធប្រឆាំង យោធាមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់រយៈពេល ២០ថ្ងៃ ដើម្បីគាំទ្រដល់ការផ្តល់ជំនួយមនុស្សធម៌។ ហើយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ របបនេះបានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្នត្រូវបានពន្យារដល់ថ្ងៃទី៣០ ខែមេសា បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតខ្ពស់ដ៏កម្រមួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ប៉ុន្តែទិន្នន័យដែលមិនត្រូវបានផ្សាយជាសាធារណៈពី UN បង្ហាញថា ការប្រយុទ្ធគ្នាបានបន្តកើតមានឥតឈប់ឈរ ហើយការវិភាគទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលផ្តល់ដោយគម្រោងទិន្នន័យនៃជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍នានា (ACLED) បានរកឃើញថា ការវាយប្រហារញឹកញាប់ជាងមុនតាមអាកាសរបស់របបយោធា បានកើនឡើង គិតចាប់តាំងពីប្រកាសបទឈប់បាញ់ បើធៀបនឹងរយៈពេល ៦ខែមុន។ អ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបនឹងការហៅទូរសព្ទជាច្រើនដងពីសារព័ត៌មាន Reuters ដែលស្វែងរកការអត្ថាធិប្បាយនោះឡើយ។
បើយោងតាមទិន្នន័យពីការិយាល័យសិទ្ធិមនុស្សរបស់ UN ដោយផ្អែកលើរបាយការណ៍ដែលខ្លួនទទួលបាន បានឲ្យដឹងថា ចន្លោះពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី២៤ ខែមេសា យោធាបានបើកការវាយប្រហារយ៉ាងហោចណាស់ ២០៧លើក ក្នុងនោះរួមទាំងការវាយប្រហារតាមអាកាសចំនួន ១៤០លើក និងការបាញ់ស្រោចដោយកាំភ្លើងធំ ២៤លើកផងដែរ។ ទិន្នន័យបានបង្ហាញបន្ថែមថា ការវាយប្រហារច្រើនជាង ១៧២ដង បានកើតឡើង ចាប់តាំងពីមានបទឈប់បាញ់ ក្នុងនោះ ៧៣ដង នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី៕