ភរិយារបស់ចំណាប់ថ្នូរ Omri Miran បានធ្វើការលុនតួទាំងការឈឺចាប់សុំឲ្យមានការដោះលែងប្តីរបស់គាត់ ក្រោយទទួលបានសញ្ញាថ្មីនៃជីវិតរបស់គាត់នៅក្នុងរូបភាពវីដេអូឃ្លីប ដែលត្រូវបានបញ្ចេញដោយក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស កាលពីរយៈពេល ១ថ្ងៃមុន ។
ថ្លែងនៅក្រៅផ្ទះរបស់គាត់ ស្ថិតក្នុងតំបន់ Kibbutz Nahal Oz អ្នកស្រី Lishay Lavi Miran បានជំរុញឲ្យមេដឹកនាំពិភពលោក ជួយសម្រេចបានកិច្ចព្រមព្រៀង និងនាំចំណាប់ថ្នូរវិលត្រឡប់មកផ្ទះវិញ ។
នេះគឺជារូបភាពវីដេអូឃ្លីបលើកទី ២ ចាប់តាំងពីការចាប់ពង្រាត់របស់គាត់ បង្ហាញខ្លួនរូបលោក Miran ដែលត្រូវបានចាប់ជាចំណាប់ថ្នូរកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
កាលបរិច្ឆេត និងកន្លែងរបស់វីដេអូដែលក្រុមហាម៉ាសបានបញ្ចេញ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីស្នាក់ការកណ្តាលវេទិកាគ្រួសារបាត់ខ្លួន និងចំណាប់ថ្នូរ បានបញ្ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងវីដេអូមួយនេះ ។ អត្តសញ្ញាណរបស់លោក Omri Miran ត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់តាមរយៈរូបភាពឯកសារ និងសេចក្តីថ្លែងការណ៍គ្រួសាររបស់លោក ។
គួរឲ្យដឹងថា លោក Omri Miran ត្រូវបានចាប់ពង្រាត់ចេញពីតំបន់សហគមន៍ Kibbutz Nahal Oz អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ការវាយប្រហារលើអ៊ីស្រាអែលដោយក្រុមហាម៉ាស់ បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ហើយចាប់តាំងពីនោះមក ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៥១.៣០០នាក់ ៕