មន្ត្រីឥណ្ឌាបាននិយាយថា កងទ័ពបានបាញ់ប្រហារមួយប្រាវជាមួយទាហានប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែនយោធាខ្ពស់របស់ពួកគេ នៅភ្នំហិម៉ាឡៃនៃតំបន់កាស្មៀរ ខណៈដែលគូប្រជែងប្រដាប់ដោយនុយ ក្លេអ៊ែរ បានបង្កើនការវាយលុកសងសឹកផ្នែកការទូត បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើភ្ញៀវទេសចរ នៅក្នុងតំបន់ដែលមានជម្លោះ។
របាយការណ៍នៃការប្រយុទ្ធគ្នាដោយកាំភ្លើង បានកើតឡើង ចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងញូវដែលលី និងទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស ២៦នាក់ នៅជិតទីក្រុងរមណីយដ្ឋាន Pahalgam ក្នុងតំបន់កាស្មៀរកាលពីថ្ងៃអង្គារ។ ឥណ្ឌាភ្លាមៗ បានពណ៌នាការសម្លាប់រង្គាលថា ជា «ការវាយប្រហារភេរវកម្ម» ហើយបាននិយាយថា ខ្លួនមានទំនាក់ទំនងឆ្លងព្រំដែន ដោយបានបន្ទោសប៉ាគីស្ថានថា បានគាំទ្រការវាយប្រហារនេះ ។
ប្រទេសប៉ាគីស្ថាន បានបដិសេធថា មិនមានការពាក់ព័ន្ធទៅនឹងការវាយប្រហារនេះ ដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធមិនស្គាល់មុខពីមុន ដែលហៅខ្លួនឯងថា ក្រុមតស៊ូនៅតំបន់កាស្មៀរ។
មន្ត្រីយោធាឥណ្ឌាបីនាក់ បាននិយាយថា ទាហានប៉ាគីស្ថាន បានប្រើអាវុធធុនតូច ដើម្បីបាញ់ទៅលើទីតាំងរបស់ឥណ្ឌា នៅតំបន់កាស្មៀរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្នុងការរក្សាគោលនយោបាយរបស់អង្គភាព បាននិយាយថា ទាហានឥណ្ឌា បានសងសឹក ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់ឬរងរបួសនោះទេ។