
ភ្នំពេញ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះអង្គបានយាងជាព្រះរាជាធិបតីថ្វាយព្រះភ្លើងបូជាព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាព្រះរាម និងបុត្រារបស់ព្រះអង្គទាំងទ្វេ នៅមេរុ ស្ថិតនៅមុខវត្តបទុមវតី។
នៅក្នុងពិធីបូជាព្រះសពរបស់សម្តេចក្រុមព្រះរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានេះ ក៏មានការយាង និងអញ្ជើញចូលរួម ពីខ្សែរាជវង្សានុវង្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ននានា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទផងដែរ។
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើការរំកិលចាកចេញពីអតីតព្រះដំណាក់ព្រះអង្គនៅផ្លូវសម្តេចប៉ាន តាមរយៈទីនាំងរថយន្តបុស្បុក ហើយដង្ហែរតាមមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជាព្រះសព តាមបែបសាសនា និងប្រពៃណីរាជវង្សានុវង្ស នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពីតម្កល់ក្នុងមជ្ជូសា ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាអស់រយៈពេលបួនថ្ងៃមកនេះ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ក្រោយពីព្រះអង្គបានទ្រង់សោយទិវង្គតអស់រយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង ព្រះសពរបស់ព្រះអង្គ បានយាងដង្ហែតាមរយៈយន្តហោះពិសេសពីប្រទេសបារាំង មកដល់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
សូមបញ្ជាក់ថា ការសោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ប្រកាសកាន់ទុក្ខចំពោះព្រះសពរបស់ព្រះអង្គ ដោយកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ដដែលនេះ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជននៅទូទាំងប្រទេស ត្រូវមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ និងផ្អាកការសម្តែង និងចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងផងដែរ៕ អត្ថបទ៖ បាន ចក់









