ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី២៥ ខែមេសា) បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ «បំភ័ន្តសាធារណជន» ជុំវិញកិច្ចចរចារពន្ធទ្វេភាគី ហើយបានលើកឡើងថា ខ្លួនមិនបានដឹងអំពីរបាយការណ៍ ដែលថា ទីក្រុងប៉េកាំងគ្រោងលើកលែងពន្ធលើការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក។
អំឡុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួង លោក Guo Jiakun បាននិយាយថា៖ «សហរដ្ឋអាមេរិក និងចិនមិនមានពាក់ព័ន្ធនៅក្នុងការពិគ្រោះយោបល់ ឬការពិភាក្សាលើបញ្ហាពន្ធណាមួយឡើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចចរចាពាណិជ្ជកម្ម រវាងប្រទេសទាំង២ កំពុងដំណើរការ បើទោះជាទាំងក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបដិសេធថា មិនមានការចរចាបែបនេះក៏ដោយ។
ហើយលោក Guo ក៏បានប្រាប់ផងដែរថា លោកមិនបានដឹង អំពីភាពជាក់លាក់ ដែលថា ប្រទេសចិនកំពុងរៀបចំផែនការលើកលែងពន្ធលើការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិកនោះ។
ការកត់សម្គាល់ត្រលប់ទៅត្រលប់មក រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ធ្វើឲ្យការភ័ន្តច្រឡំមានកាន់តែខ្លាំងឡើងៗដែលថា តើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោក នឹងចាប់ផ្តើមពិភាក្សា ជុំវិញវិធានការដាក់ពន្ធខ្ពស់លើទំនិញរបស់គ្នាទៅវិញទៅមកនៅពេលណា ឬក៏អត់ទេ។
ការដំឡើងពន្ធ និងវិធានការសងសឹកគ្នាទៅវិញទៅមកជាច្រើនដង បានធ្វើឲ្យអត្រាពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញចិនឡើងដល់ ១៤៥ភាគរយ ហើយការកំណត់របស់ចិនលើការនាំចូលរបស់សហរដ្ឋអាមេរិកឡើងដល់ ១២៥ភាគរយ ជាចំណាត់ការដែលប៉ះពាល់ដល់ប្រតិបត្តិការនៃអាជីវកម្មជាច្រើនរបស់ប្រទេសទាំង២៕