កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃសុក្រ (ទី២៥ ខែមេសា) បានព្រមានថា ខ្លួនកំពុងប្រឆមនឹងកង្វះខាតថវិកាដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់ខ្លួន ក្នុងការជួយដល់ប្រជាជនដែលជួបប្រទះការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ នៅប្រទេសស៊ូដង់ ក្នុងរង្វង់ប៉ុន្មានសប្តាហ៍ខាងមុខ ដោយសាររដ្ឋម្ចាស់ជំនួយនានាកាត់បន្ថយការផ្តល់មូលនិធិមនុស្សធម៌។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) មួយនេះ បានឲ្យដឹងថា ខ្លួនខ្វះខាតថវិកាដល់ទៅ ៦៩៨លានដុល្លារនៃចំនួន ៨០០លានដុល្លារដែលខ្លួនបានស្នើសុំពីម្ចាស់ជំនួយ ដើម្បីជួយមនុស្សចំនួន ៧លាននាក់ ចាប់ពីខែឧសភា ដល់ខែកញ្ញា។
អង្គការនេះបានព្រមានថា វានឹងមានកង្វះខាតទំនិញប្រើប្រាស់ជាច្រើន ដូចជាគ្រាប់ធញ្ញជាតិ និងចំណីអាហារកែច្នែ ចាប់ពីខែឧសភា ដោយសារខ្លួវត្រូវប្រឈមជាមួយនឹងនិន្នាការកាន់តែទូលំទូលាយ ដែលរដ្ឋម្ចាស់ជំនួយសកលកាត់បន្ថយការផ្តល់មូលនិធិមនុស្សធម៌។
អង្គការបានបន្ថែមថា អាហារនៅក្នុងតំបន់ដែលស្ថិតក្នុងហានិភ័យមានគ្រោះទុរ្ភិក្ស ត្រូវបានកាត់បន្ថយមកត្រឹម ៧០ភាគរយនៃរបបអាហារស្តង់ដាររបស់ WFP (ស្មើនឹង ២១០០គីឡូកាឡូរី ក្នុងមួយថ្ងៃ)។
គួរបញ្ជាក់ថា សង្រ្គាម នៅស៊ូដង់ បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ ដែលបង្កឡើងដោយការតស៊ូដណ្ដើមអំណាច រវាងកងទ័ព និងគូប្រជែង គឺកងកម្លាំងគាំទ្ររហ័ស។ តាំងពីពេលនោះមក ជម្លោះនេះបានបណ្ដាលឲ្យមានជនភៀសខ្លួនរាប់លាននាក់៕