ក្រុមមន្ត្រី នៅថ្ងៃសុក្រ (ទី២៥ ខែមេសា) បានប្រាប់ឲ្យដឹងថា ទាហានពីប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានបាញ់តគ្នាពេញមួយយប់ ឆ្លងកាត់ខ្សែព្រំដែនយោធា (LoC) នៅតំបន់កាស្មៀរដែលមានជម្លោះ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ បង្ហាញ «ការអត់ធ្មត់ខ្ពស់បំផុត» បន្ទាប់ពីមានការបាញ់ប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុតរហូតដល់ ២៦នាក់ នៅក្នុងតំបន់នេះ។
ទំនាក់ទំនងនៃប្រទេសទាំង២ បានធ្លាក់ចុះយ៉ាងលឿនដល់កម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ «អំពើភេរវកម្មឆ្លងដែន» បន្ទាប់ពីខ្មាន់កាំភ្លើងបានធ្វើការវាយប្រហារយ៉ាងសាហាវបំផុតជាលើកដំបូង លើជនស៊ីវិល នៅតំបន់មានជម្លោះកាស្មៀរ ដែលមានអ្នកកាន់សាសនាឥស្លាមដោយភាគច្រើន ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។
លោក Syed Ashfaq Gilani មន្ត្រីរដ្ឋាភិបាលក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមេសានេះថា កងទ័ពបានបាញ់តគ្នានៅតាមខ្សែព្រំដែនយោធាដែលបែងចែកការគ្រប់គ្រងរបស់ប្រទេសទាំង២។ តែលោកបានបន្ថែមថា៖ «មិនមានការបាញ់ប្រហារលើប្រជាជនស៊ីវិលនោះឡើយ»។
ចំណែកកងទ័ពឥណ្ឌាបានបញ្ជាក់ថា មានការបាញ់អាវុធធុនតូចតិចតួច ដែលខ្លួនបាននិយាយថា ត្រូវបាន «ចាប់ផ្ដើមឡើងដោយប៉ាគីស្ថាន» ហើយបានបន្ថែមថា ការបាញ់ប្រហារនោះត្រូវបាន «តបតវិញយ៉ាងមានប្រសិទ្ធភាព»៕