លោកប្រធានាធិបតី Donald Trump បាននិយាយថា លោករំពឹងថា នឹងបញ្ចប់សព្វគ្រប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូសហរដ្ឋអាមេរិកដែលកំពុងស្វែងរកការបន្ទាបអត្រាពន្ធ នាពេលឆាប់ៗនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ដែលចេញផ្សាយនៅថ្ងៃសុក្រ (ទី២៥ ខែមេសា) នេះ លោក Trump បាននិយាយអំពីកិច្ចព្រមព្រៀងថា៖ «ខ្ញុំជឿថា ក្នុងរយៈពេល ៣ ទៅ ៤សប្តាហ៍ខាងមុខ យើងបានបញ្ចប់សព្វគ្រប់»។
លោកបានបន្ថែមថា៖ «ខ្ញុំនឹងបញ្ចប់គ្រប់យ៉ាង។ ឥឡូវនេះ ប្រទេសមួយចំនួន អាចនឹងត្រលប់មកវិញ ហើយស្នើសុំកែតម្រូវ ហើយខ្ញុំនឹងពិចារណា ប៉ុន្តែខ្ញុំនឹងត្រៀមខ្លួនជាមួយនឹងហេតុផលសំខាន់ៗ ពោលគឺត្រៀមជាស្រេចជាមួយនឹងការយល់ដឹងយ៉ាងច្បាស់ ដែលជាការត្រៀមខ្លួនទាំងស្រុង ដើម្បីចាត់វិធានការ»។
នៅក្នុងបទសម្ភាសន៍ដ៏ទូលំទូលាយមួយ លោក Trump បាននិយាយការពារគោលនយោបាយពាណិជ្ជកម្មរបស់លោក ជាចំណាត់ការដែលបង្កឲ្យទីផ្សារហិរញ្ញវត្ថុរំជើបរំជួល និងដែលបានធ្វើឲ្យរដ្ឋាភិបាលបរទេសប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកកិច្ចព្រមព្រៀង។
ប៉ុន្តែយ៉ាងណាក្ដី លោកប្រធានាធិបតីបានផ្តល់សញ្ញាផ្ទុយគ្នា អំពីស្ថានភាពនៃកិច្ចចរចាជាមួយប្រទេសចិន សូម្បីតែទីក្រុងប៉េកាំង បានបដិសេធថា ការចរចា រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ មិនបានកើតឡើងក៏ដោយ។ លោក Trump បាននិយាយថា «យើងកំពុងជួបជាមួយប្រទេសចិន។ យើងកំពុងធ្វើបានយ៉ាងល្អជាមួយគ្រប់គ្នា»៕