ប្រេសិតពិសេសរបស់លោកប្រធានាធិបតិសហរដ្ឋអាមេរិក Donald Trump លោក Steve Witkoff បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងម៉ូស្គូ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលរុស្ស៊ីសម្លាប់មនុស្សយ៉ាងហោច ៥នាក់ នៅប្រទេសអ៊ុយក្រែន ។
យោងតាមការអះអាងរបស់លោក Serhiy Lysak គឺជាអភិបាលតំបន់ Dnipropetrovsk និយាយថា កុមារម្នាក់ស្ថិតក្នុងចំណោមនុស្ស ៣នាក់ ដែលត្រូវបានសម្លាប់នៅថ្ងៃសុក្រនេះ ដោយសារការវាយប្រហារយានដ្រូនរបស់រុស្ស៊ីលើទីក្រុងឧស្សាហកម្ម Pavlohrad ស្ថិតនៅភាគកណ្តាលប្រទេសអ៊ុយក្រែន ។
លោកបន្តថា មនុស្ស ១៤នាក់ផ្សេងទៀត បានរងរបួសផងដែរនៅក្នុងការវាយប្រហារលើអគារកម្ពស់ ៥ជាន់ រួមទាំងក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ និងយុវជនអាយុចន្លោះ ១៥-១៧ឆ្នាំ ។ មនុស្ស ៥នាក់ផ្សេងទៀត បន្តស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ ។
ដោយឡែក យោងតាមការអះអាងរបស់ក្រុមរដ្ឋអាជ្ញាតំបន់ Donetsk បានឲ្យដឹងថា មនុស្ស ២នាក់បន្ថែមទៀត ត្រូវបានសម្លាប់នាព្រឹកថ្ងៃសុក្រនេះ នៅកន្លែងតាំងលំនៅ Yarova ស្ថិតក្នុងតំបន់ Donetsk ពេលដែលគ្រាប់បែកទម្លាក់លើអគាររស់នៅរបស់អ្នកស្រុក ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ីបើកការវាយប្រហារដោយយានដ្រូន ១០៣គ្រឿងកាលពីយប់កន្លងទៅ បណ្តាលឲ្យខូចខាតតំបន់ចំនួន ៤របស់អ៊ុយក្រែន ៕