អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី២៥ ខែមេសា) បានប្រាប់ឲ្យដឹងថា គណៈប្រតិភូរបស់ទីក្រុងគីវ ក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្ត នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ក្នុងសប្តាហ៍នេះ បានបញ្ជាក់ឡើងវិញនូវគោលការណ៍ដែលកិច្ចពិភាក្សា ស្តីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន គឺផ្អែកលើមូលដ្ឋានគ្រឹះ ក្នុងនោះរួមទាំងការមិនទទួលស្គាល់ផ្នែកណាមួយនៃដែនដីអ៊ុយក្រែនជារបស់រុស្ស៊ីផងដែរ។
អ្នកនាំពាក្យ លោក Heorhii Tykhyi បានប្រាប់សន្និសីទសារព័ត៌មានថា គណៈប្រតិភូអ៊ុយក្រែន ក៏បានច្រានចោលការអនុញ្ញាតឲ្យប្រទេសណាមួយមានសិទ្ធិវេតូ ជុំវិញអ្វីដែលសម្ព័ន្ធភាពអ៊ុយក្រែន អាចធ្វើបាន ហើយនឹងមិនអនុញ្ញាតឲ្យមានការរឹតបន្តឹងលើកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សា រវាងមន្ត្រីអ៊ុយក្រែន និងលោកខាងលិច នៅទីក្រុងឡុងដ្រ៍ កាលពីថ្ងៃពុធ មិន «ងាយស្រួល» នោះទេ ប៉ុន្តែ «ប្រកបដោយការស្ថាបនា»។
អ៊ុយក្រែនបានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនចង់ចូលរួមជាមួយអង្គការណាតូ (NATO) ហើយមើលឃើញថា សមាជិកភាពនេះ គឺជាការធានាប្រឆាំងនឹងសកម្មភាពឈ្លានពានណាមួយរបស់រុស្ស៊ីដែលបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
ចំណែកទីក្រុងមូស្គូ ប្រាប់ថា អ៊ុយក្រែនមិនត្រូវចូលរួមជាមួយអង្គការណាតូនោះឡើយ ហើយបានអំពាវនាវឲ្យអ៊ុយក្រែនគ្មានកម្លាំងយោធា៕