ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ (ទី២៦ ខែមេសា) បានអំពាវនាវឲ្យមានការស៊ើបអង្កេតប្រកបដោយ «ភាពអព្យាក្រឹត» ជុំវិញការសម្លាប់អ្នកទេសចរឥណ្ឌាភាគច្រើន នៅតំបន់កាស្មៀរ ដែលទីក្រុងញូវដែលី បានទម្លាក់ការទទួលខុសត្រូវទៅលើទីក្រុងអ៊ីស្លាម៉ាបាដ ដោយលើកឡើងថា ខ្លួនមានឆន្ទៈក្នុងការសហការ និងគាំទ្រសន្តិភាព។
ឥណ្ឌាបានកំណត់អត្តសញ្ញាណជនសកម្មប្រយុទ្ធ ២នាក់ ក្នុងចំណោម ៣នាក់ដែលជាជនជាតិប៉ាគីស្ថាន តែទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធថា ខ្លួនមិនមានតួនាទីណាមួយ ក្នុងការវាយប្រហារកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ដែលបានសម្លាប់ភ្ញៀវទេសចរឥណ្ឌា ២៥នាក់ និងនេប៉ាល់ម្នាក់។
រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បាននិយាយថា៖ «ប្រទេសប៉ាគីស្ថាន បានត្រៀមខ្លួនទាំងស្រុង ដើម្បីសហការជាមួយអ្នកស៊ើបអង្កេតអព្យាក្រឹត ដើម្បីធានាថា ការពិតត្រូវបានលាតត្រដាង ហើយយុត្តិធម៌ត្រូវបានផ្ដល់ជូន»។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប៉ាគីស្ថាននៅតែប្តេជ្ញាចិត្ត ចំពោះសន្តិភាព ស្ថិរភាព និងអនុវត្តតាមបទដ្ឋានអន្តរជាតិ ប៉ុន្តែនឹងមិនធ្វើអ្វីដែលប៉ះពាល់អធិបតេយ្យភាពរបស់ខ្លួនឡើយ»។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្ដេជ្ញាថា នឹងតាមរកអ្នកវាយប្រហារឲ្យទាល់តែឃើញ «ទោះលាក់ខ្លួននៅទីណាក៏ដោយ» ហើយបាននិយាយថា អ្នកដែលរៀបចំ និងអនុវត្តផែនការនេះ «នឹងត្រូវទទួលទោសលើសពីការគិតរបស់ពួកគេ»។ ការអំពាវនាវក៏បានកើនឡើងកាន់តែខ្លាំងផងដែរពីក្នុងចំណោមអ្នកនយោបាយឥណ្ឌា និងអ្នកផ្សេងទៀត ដើម្បីឲ្យមានការសងសឹកដោយកម្លាំងយោធា ប្រឆាំងនឹងប៉ាគីស្ថាន។
បន្ទាប់ពីការវាយប្រហារ ឥណ្ឌា និងប៉ាគីស្ថានបានដាក់ចេញវិធានការប្រឆាំងគ្នាទៅវិញទៅមក ដោយប៉ាគីស្ថានបិទដែនអាកាសរបស់ខ្លួនមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាហោះឆ្លងកាត់ ហើយឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹក Indus Waters Treat ឆ្នាំ១៩៦០ ដែលគ្រប់គ្រងការបែងចែកគ្នាប្រើប្រាស់ទឹកទន្លេ Indus និងដៃរបស់ទន្លេនេះ៕

