ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននឹងកំពុងផ្ទេរអ្នកជំងឺកូវីដ-១៩ ចេញពីទីតាំងព្យាបាលឯកជន ទៅសម្រាកព្យាបាលនៅតាមទីតាំងព្យាបាលរបស់រដ្ឋវិញ។ ការចាប់ផ្ដើមផ្ទេរអ្នកជំងឺទៅតាំងព្យាបាលរបស់រដ្ឋនេះ គឺធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តី បានផ្ដល់ជាអនុសាសន៍កាលពីថ្ងៃទី ៦ខែធ្នូកន្លងទៅ ដើម្បីប្រគល់ទីតាំងឯកជនទាំងនោះ ប្រកបអាជីវកម្មរបស់ខ្លួនជាថ្មី។
ក្រសួងសុខាភិបាលខណៈពេលនេះ គឺបាននឹងកំពុងផ្ទេរអ្នកជំងឺកូវីដ-១៩ ចេញពីទីតាំងព្យាបាលឯកជន មកកាន់ទីតាំងព្យាបាលដូចជាមន្ទីរពេទ្យរដ្ឋ និងទីតាំងស្តាតអូឡាំពិកវិញ។
កិច្ចការនេះ គឺបាននឹងកំពុងអនុវត្តដោយ ក្រសួងសុខាភិបាលកាលពិម្សិលម៉ិញ ក៏បានផ្ទេរអ្នកជំងឺដែលស្នាក់នៅព្យាបាលនៅ មជ្ឈមណ្ឌលមង្គលឧត្តម ចេញរួចរាល់អស់ហើយ។ ទីតាំងមជ្ឈមណ្ឌល មង្គលឧត្តម នាព្រឹកនេះ គឺកំពុងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ។
ពាក់ព័ន្ធនឹងកិច្ចការផ្ទេរអ្នកជំងឺនេះ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងបានរៀបចំមន្ទីរពេទ្យថ្នាក់ជាតិថ្នាក់ខេត្ត ព្រមទាំងមានទីតាំងស្តាតអូឡាំពិក ដែលមានលទ្ធភាពអាចផ្ទុកអ្នកជំងឺបានច្រើន។ ក្រសួងគឺបាននឹងកំពុងធ្វើការផ្ទេរអ្នកជំងឺ ដើម្បីធ្វើយ៉ាងណាឱ្យមានរួចរាល់ នៅចុងខែធ្នូ រឺដើមខែមករាខាងមុខ។
ពាក់ព័ន្ធចំនួនអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលទូទាំងប្រទេស គឺឯកឧត្តមពុំបានបញ្ជាក់លម្អិតថា មានចំនួនប៉ុន្មាននោះទេ។
ឯកឧត្តមរដ្ឋលេខាធិការ គ្រាន់តែបានបញ្ជាក់ថា ចំនួនអ្នកសម្រាកព្យាបាល ទាំងមានកម្រិតធ្ងន់ មធ្យម និងស្រាលទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តគឺមានការថយចុះច្រើន។ ការថយចុះនេះគឺចាប់ផ្ដើមពីខែ តុលា វិច្ឆិកា និងខែធ្នូនេះ។ យ៉ាងណាម៉ិញ ក្រសួងសុខាភិបាល នៅតែបន្តយកចិត្តទុកដាក់ ប្រុងប្រយ័ត្នជានិច្ច ស្របពេលដែល ករណីវីរុសបំប្លែងថ្មី អូមីក្រុង ចាប់ផ្ដើមរកឃើញនៅតាមបណ្ដាប្រទេសមួយចំនួនរួចទៅហើយ។ នេះជាការលើកឡើងបន្ថែម របស់ឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ជុំវិញរឿងព្យាបាលជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាលក៏បាននឹងកំពុងរៀបចំការសាងសង់មណ្ឌលព្យាបាលកូវីដ-១៩ ធំមួយនៅរាជធានីភ្នំពេញ។ មណ្ឌលព្យាបាលកូវីដ-១៩ ដែលនឹងត្រូវសាងសង់នេះ គឺមានទីតាំង ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលគ្រោងនឹងអាចដាក់គ្រែបានសរុបចំនួន ១៥.០០០គ្រែ ទាំងការព្យាបាលកម្រិតធ្ងន់ និងកម្រិតស្រាល។
ម្យ៉ាងវិញទៀត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី មណ្ឌលព្យាបាលថ្មីនេះ នឹងត្រូវទទួលអ្នកជំងឺ ដែលផ្ទេរមកពីមណ្ឌលព្យាបាលពហុកីឡដ្ឋានអូឡាំពិក និងមណ្ឌលព្យាបាលព្រែកព្នៅ ព្រោះពហុកីឡដ្ឋានអូឡាំពិកត្រូវត្រៀមសម្រាប់ហ្វឹកហាត់បម្រើឱ្យការប្រកួតស៊ីហ្គេមឆ្នាំ២០២៣៕ អត្ថបទ៖ គឹមហុក




