បាល់ទាត់៖ ក្រុមឥណ្ឌូនេស៊ីបានធ្វើការហ្វឹកហាត់ជុំគ្នានៅថ្ងៃអង្គារម្សិលមិញនេះ ត្រៀមលក្ខណៈសំរាប់ការប្រកួតដំបូងរបស់ខ្លួននៅក្នុងពូល B ស្អែកនេះដោយជួបជាមួយក្រុមគោព្រៃកម្ពុជា។ មុនមកដល់ព្រឹត្តិការណ៍បាល់ទាត់ធំជាងប្រចាំតំបន់អាស៊ានមួយនេះ គ្រូបង្វឹកឥណ្ឌូនេស៊ីលោក Shin Tae-yong ដែលធ្លាប់ជាគ្រូបង្វឹកក្រុមជំរើសជាតិកូរ៉េខាងត្បូងនោះ បានដាក់គោលដៅនាំក្រុមឈ្នះជើងឯក AFF Championship នេះឱ្យបានក្រោយខកខានចាញ់នៅវគ្គផ្តាច់ព្រ័ត្រដល់ទៅ ៥លើកក្នុងអតីតកាល។

ឥណ្ឌូនេស៊ីបានឈានឡើងវគ្គផ្តាច់ព្រ័ត្រជើងឯកអាស៊ាននេះដល់ទៅ ៥លើកតែមិនដែលឈ្នះជើងឯកឡើយដែលរួមមាននៅឆ្នាំ២០០០, ២០០២, ២០០៤, ២០១០ និង ២០១៦។ ឆ្នាំនេះឥណ្ឌូនេស៊ីបានកោះហៅកីឡាករសំខាន់ៗ ដែលប្រកបអាជីពនៅក្រៅស្រុកជាពិសេសកីឡាករកូនកាត់បីសាសន៍វ័យ ១៩ឆ្នាំ Elkan Baggott ដែលកំពុងប្រកបអាជីពនៅក្លិបអង់គ្លេស Ipswich Town ក៏ដូចជាកីឡាករខ្សែប្រយុទ្ធ Egy Maulana Vikri ដែលកំពុងប្រកបអាជីពនៅក្លិបស្លូវ៉ាគី FK Senica ជាដើម។ ចំណែកក្រុមកម្ពុជាបានចាប់ផ្តើមប្រកួតនៅក្នុងពូល B នេះមុនឥណ្ឌូនេស៊ីមួយប្រកួតគឺចាញ់ម៉ាឡេស៊ី ៣-១ កាលពីថ្ងៃចន្ទ ខណៈមួយប្រកួតទៀតក្នុងពូល B ដែលលេងស្អែកនេះគឺម៉ាឡេស៊ីជួបឡាវ៕
អត្ថបទ៖នាង សុភាវុធ