ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ មេសា) ថា ទីក្រុងវ៉ាស៊ីនតោន កំពុងទាក់ទងទាំងជាមួយឥណ្ឌា និងប៉ាគីស្ថាន ខណៈដែលជំរុញឱ្យប្រទេសជិតខាងទាំងពីរនេះធ្វើការរួមគ្នាឆ្ពោះទៅរកអ្វីដែលខ្លួនហៅថា "ដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ" ក្នុងពេលដែលភាពតានតឹងកើនឡើងខ្លាំងរវាងប្រជាជាតិអាស៊ីទាំងពីរ ក្រោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយមនៅតំបន់កាស្មៀរ។

រដ្ឋាភិបាលអាមេរិក បានសម្ដែងការគាំទ្ររបស់ខ្លួនជាសាធារណៈដល់ឥណ្ឌា បន្ទាប់ពីការវាយប្រហារនោះ ប៉ុន្តែក៏មិនបានរិះគន់ប៉ាគីស្ថានដែរ។ ឥណ្ឌាបានបន្ទោសប៉ាគីស្ថាន ចំពោះការវាយប្រហារថ្ងៃទី២២ ខែមេសា សម្លាប់មនុស្សលើសពី ២០នាក់នៅតំបន់កាស្មៀរដែលឥណ្ឌាគ្រប់គ្រង ប៉ុន្តែប៉ាគីស្ថានបានបដិសេធ និងអំពាវនាវឱ្យមានការស៊ើបអង្កេតអព្យាក្រឹត។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងសេចក្តីថ្លែងការណ៍តាមសារអ៊ីមែលថា "អាមេរិក កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយក៏បានទាក់ទងជាមួយរដ្ឋាភិបាលឥណ្ឌា និងប៉ាគីស្ថាន ក្នុងកម្រិតជាច្រើន ដោយលើកទឹកចិត្តភាគីទាំងអស់ឱ្យធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ"។

គួរឱ្យដឹងថា ឥណ្ឌាបានក្លាយជាដៃគូកាន់តែសំខាន់របស់អាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមទប់ឥទ្ធិពលចិននៅអាស៊ី ចំណែកប៉ាគីស្ថាន ក៏នៅតែជាសម្ព័ន្ធមិត្តរបស់អាមេរិក ទោះបីជាសារៈសំខាន់របស់ប្រទេសនេះសម្រាប់ទីក្រុងវ៉ាស៊ីនតោន បានថយចុះបន្ទាប់ពីការដកទ័ពអាមេរិកនៅឆ្នាំ២០២១ ពីប្រទេសជិតខាងអាហ្វហ្គានីស្ថានក៏ដោយ៕