នាយករដ្ឋមន្ត្រីកាតាបាននិយាយកាលពីថ្ងៃអាទិត្យ ២៧ មេសា ថាកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សាមានវឌ្ឍនភាពខ្លះៗហើយ ប៉ុន្តែកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាមនៅតែជារឿងពិបាក។

លោក Sheikh Mohammed bin Abdulrahman Al Thani ដែលបម្រើការជារដ្ឋមន្ត្រីការបរទេសផងដែរបាននិយាយថា ពួកលោកបានមើលឃើញកាលពីថ្ងៃព្រហស្បតិ៍ថាមានការរីកចម្រើនបន្តិច បើប្រៀបធៀបទៅនឹងកិច្ចប្រជុំផ្សេងទៀត ប៉ុន្តែយើងត្រូវស្វែងរកចម្លើយសម្រាប់សំណួរចុងក្រោយគឺរបៀបបញ្ចប់សង្រ្គាមនេះ។ នោះគឺជាចំណុចសំខាន់នៃការចរចាទាំងមូល។

នាយកចារកម្មអ៊ីស្រាអែល Mossad លោក David Barnea បានធ្វើដំណើរទៅកាន់ទីក្រុង Doha កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយលោក Sheikh Mohammed ស្របពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ថ្មីក្នុងតំបន់ហ្កាហ្សា។នេះបើយោងតាមសារព័ត៌មាន Axios ។

ក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតែមានភាពផ្ទុយគ្នាជុំវិញគោលដៅចុងក្រោយនៃការចរចា។យោងតាមប្រភពសន្តិសុខអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ២៦ មេសា នៅទីក្រុងគែរ គណៈប្រតិភូក្រុមហាម៉ាសដឹកនាំដោយមេដឹកនាំជាន់ខ្ពស់ លោក Khalil al-Hayya បានយល់ព្រមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ឆ្នាំ។
ប្រភពបានពណ៌នាកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍នោះថាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញដល់កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា ដោយកត់សម្គាល់ថា គណៈប្រតិភូហាម៉ាសបានទទួលយកសំណើបទឈប់បាញ់រយៈពេល ៥ឆ្នាំ បន្ទាប់ពីបានពិនិត្យមើលការផ្តល់ជូនផ្សេងៗ។
លោក Sheikh Mohammed បាននិយាយថា ក្រុមសកម្មប្រយុទ្ធមានឆន្ទៈក្នុងការប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ទាំងអស់មកវិញ ប្រសិនបើអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។ លោកបាននិយាយថា ប៉ុន្តែអ៊ីស្រាអែលចង់ឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងដែលនៅសល់ដោយមិនផ្តល់ចក្ខុវិស័យច្បាស់លាស់ក្នុងការបញ្ចប់សង្រ្គាម៕