អង់គ្លេស៖ ចក្រភពអង់គ្លេសជាប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ដំបូងគេក្នុងពិភពលោកនៅក្រៅការសាកល្បងកាលពីមួយឆ្នាំមុននៅថ្ងៃនេះ។ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លោកយាយវ័យ ៩០ឆ្នាំ Margaret Keenan បានទទួលវ៉ាក់សាំងបង្ការវីរុស COVID-19 របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech នៅមន្ទីរពេទ្យសាកលវិទ្យាល័យក្នុងទីក្រុង Coventry ដែលត្រូវបានចាក់ដោយគិលានុបដ្ឋាក Matron May Parsons។

វ៉ាក់សាំងជិត ១២០លានដូសត្រូវបាចាក់ជូនពលរដ្ឋនៅទូទាំងចក្រភពអង់គ្លេសក្នុងពេលមួយឆ្នាំ ដោយជួយសង្គ្រោះជីវិតមនុស្សជាច្រើនរាប់មិនអស់ និងជួយអង្គភាពផ្ដល់សេវាកម្មផ្នែកសុខភាពជាតិកុំឲ្យផ្ទុកអ្នកជំងឺច្រើនហួសចំណុះ។ ខណៈមានករណីឆ្លងរាតត្បាតនៃវីរុសបម្លែងខ្លួនថ្មី Omicron និងបន្ទាប់ពីទទួលបានការណែនាំពីគណៈកម្មការរួមស្ដីពីការចាក់វ៉ាក់សាំង និងបង្កើតភាពស៊ាំកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ ត្រូវបានពង្រីកនៅទូទាំងចក្រភពអង់គ្លេសទៅដល់យុវជនមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមនុស្សដែលមានអាទិភាពទទួលបានការចាក់វ៉ាក់សាំងនៅដំណាច់ខែមករា ឆ្នាំ២០២១៕
អត្ថបទ៖ សុខមាន