ក្រុមជើងឯក ៧ សម័យ Manchester City បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ FA Cup ហើយក្រោយយកឈ្នះ Nottingham Forest ២-០ ឡើងជួប Crystal Palace។
ក្រុមរបស់លោក Pep Guardiola មានរដូវកាលលំបាកមួយក្រោយមិនអាចការពារតំណែងជើងឯក Premier League បាន ក៏ដូចជាបរាជ័យនៅ League Cup និង Champions League។
យ៉ាងណាក្តី FA Cup ដែលជាពានតែមួយគត់ដែលពួកគេអាចឈ្នះនោះ Rico Lewis គឺជាអ្នកបើកការនាំមុខឱ្យ Manchester City តាំងពីនាទីទី ២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley នេះ។
វគ្គទីពីរខ្សែការពារក្រូអាស៊ី Josko Gvardiol ជាអ្នកធានាគ្រាប់បាល់ជ័យជំនះឱ្យ City នៅនាទីទី ៥១។
ជ័យជំនះនេះធ្វើឱ្យ Manchester City បន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup លើកទី ១៤ ដោយត្រូវជួបជាមួយ Crystal Palace ដែលបានយកឈ្នះ Aston Villa ៣-០ កាលពីថ្ងៃសៅរ៍។
ជាជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Crystal Palace លើក្រុមរបស់លោក Unai Emery បន្ទាប់ពីEberechi Eze បើកការនាំមុខឱ្យ Palace នៅនាទីទី ៣១។
Ismaila Sarr នៅវគ្គទីពីររកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៥៨ និង ៩០+៤ នាំ Crystal Palace ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup លើកទី ៣ បន្ទាប់ពីចុងក្រោយបំផុតនៅឆ្នាំ ២០១៦ ចាញ់បិសាចក្រហម Manchester United។
វគ្គផ្តាច់ព្រ័ត្រឆ្នាំនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ដដែលថ្ងៃទី ១៧ ខែឧសភា៕