កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានបង្ហោះវីដេអូនៅលើបណ្តាញ X បង្ហាញពីមីស៊ីលប្រឆាំងនាវាដែលកំពុងត្រូវបានសាកល្បង។ ការសាកល្បងរបស់យោធា ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារលើភ្ញៀវទេសចរនៅតំបន់កាស្មៀរបណ្តាលឲ្យមនុស្ស២៦នាក់ស្លាប់ ដែលទីក្រុងញូវ ឌេលី បានដាក់កំហុសលើទីក្រុងអ៊ីស្លាម៉ាបាដ។

ចាប់តាំងពីការវាយប្រហារ ដែលបានកើតឡើងកាលពីថ្ងៃអង្គារ ទី២២ ខែមេសា ឥណ្ឌាបានប្រកាសពីវិធានការណ៍ដើម្បីកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសប៉ាគីស្ថាន រួមមានទាំងការផ្អាកសន្ធិសញ្ញាបែងចែកទឹកដ៏សំខាន់ និងបិទច្រកព្រំដែនគោក។
ទំនាក់ទំនងការទូត រវាងប្រទេសជិតខាងនៅអាស៊ីខាងត្បូងដែលមានអាវុធនុយក្លេអ៊ែរ បានចុះខ្សោយ មុនពេលវិធានការចុងក្រោយត្រូវបានប្រកាស ខណៈប្រទេសប៉ាគីស្ថាន បានបណ្តេញបេសកជនឥណ្ឌា និងមិនបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅទីក្រុងញូវឌេលី បន្ទាប់ពីឥណ្ឌាបានលុបចោលឋានៈពិសេសតំបន់កាស្មៀរក្នុងឆ្នាំ២០១៩។

អំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធបានធ្វើឱ្យប៉ះពាល់ដល់តំបន់កាស្មៀរ ដែលត្រូវបានអះអាងសិទ្ធទាំងស្រុង ប៉ុន្តែត្រូវបានគ្រប់គ្រងដោយផ្នែកទាំងឥណ្ឌាដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ និងប៉ាគីស្ថានកាន់សាសនាឥស្លាម ចាប់តាំងពីការបះបោរប្រឆាំងឥណ្ឌាបានចាប់ផ្តើមនៅឆ្នាំ១៩៨៩។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ទោះបីជាអំពើហិង្សាបានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។