បន្ទាប់ពីការភៀសខ្លួនចេញរយៈពេលជាច្រើនឆ្នាំ គ្រួសារស៊ីរីចំនួន៧៦គ្រួសារ បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា នៅជំរំ al-Hol ក្នុងខេត្ត Al-Hasakah របស់ប្រទេសស៊ីរី ដើម្បីត្រៀមត្រឡប់ទៅលំនៅឋានវិញនៅ ទីក្រុង Deir al Zor ។

យោងតាមប្រធានជំរំនិងជនភៀសខ្លួននៅក្នុងរដ្ឋបាលស្វយ័តនៅស៊ីរីភាគឦសានបានឲ្យដឹងថា ការធ្វើដំណើរនេះ គឺជាលើកដំបូង ដែលត្រូវបានរៀបចំឡើងសម្រាប់គ្រួសារស៊ីរី ដោយរដ្ឋបាលស្វយ័តឃឺដ ដែលបានចេញសេចក្តីសម្រេចមួយដើម្បីជួយសម្រួលឲ្យមានការចាកចេញពីជំរំ al-Hol បន្ទាប់ពីការដួលរលំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ២០២៤ ។

គ្រួសារទាំងនេះ ត្រូវបានឲ្យត្រឡប់ទៅវិញ រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការប៉ុនប៉ងដោយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមដើម្បីបង្កើតរដ្ឋ ដែលបានបញ្ចប់ទៅដោយការបរាជ័យផ្នែកយោធា។ ជំរំ al-Hol បច្ចុប្បន្ននេះមានប្រជាជនប្រហែល៤០.០០០នាក់។ វាត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាកន្លែងបង្កើតភាពជ្រុលនិយម និងជាក្តីបារម្ភសន្តិសុខដ៏សំខាន់សម្រាប់រដ្ឋក្នុងតំបន់។
អាជ្ញាធរជំរំ ដែលដឹកនាំដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិក បានអំពាវនាវជាយូរមកហើយឱ្យប្រទេសនានាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋនៅក្នុងជំរំ ដែលទទួលជនបរទេសរាប់ពាន់នាក់។