ទាហានរបស់ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចូលរួមក្នុងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងការការពារដែនអាកាសនិងមីស៊ីល នៅភាគខាងជើងទីក្រុងម៉ានីល កាលពីថ្ងៃអាទិត្យ ទី២៧ មេសា។

លោក John Lehane មន្រ្តីកងវរសេនាធំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីសមយុទ្ធ ថា «ការហ្វឹកហាត់ប្រភេទនេះ គឺពិតជាមានតម្លៃខ្លាំងសម្រាប់ពួកយើង» ហើយធ្វើឡើងក្នុងគោលបំណងជំរុញសមត្ថភាពកងកម្លាំងរបស់ប្រទេសទាំងពីរ ដើម្បីរកឲ្យឃើញនិងកម្ទេចការកំរាមកំហែងតាមដែនអាកាស និងដោយមីស៊ីល។

ទាហានហ្វីលីពីន និងអាមេរិកជាង ១៤.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ Balikatan ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសមត្ថភាព ព្រមទាំងការការពារដែនសមុទ្រ ដីគោក និងការពារឆ្នេរ។ សមយុទ្ធត្រូវបានគេរំពឹងថានឹងធ្វើរហូតដល់ថ្ងៃទី៩ ខែឧសភា ហើយក៏នឹងមានទាហានមួយចំនួនមកពីប្រទេសអូស្ត្រាលី និងជប៉ុន ចូលរួមផងដែរ។
សមយុទ្ធរួមប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងពេលមានភាពតានតឹងកើនឡើងដែលនៅបន្តរវាងប្រទេសហ្វីលីពីន និងចិន ជុំវិញប្រជុំកោះសម្បូរធនធានដែលមានភាពចម្រូងចម្រាស់នៅសមុទ្រចិនខាងត្បូង។