សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២៦ មេសា) ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា កិច្ចចរចានុយក្លេអ៊ែរជុំទី៤ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ខាងមុខនេះ នៅលើទឹកដីអឺរ៉ុប។

ប្រភពមន្ត្រីអាមេរិករូបនោះបានពណ៌នាកិច្ចពិភាក្សាជុំទី៣ រយៈពេលជាង ៤ម៉ោង ដែលធ្វើឡើងនៅអូម៉ង់ថា "មានភាពវិជ្ជមាន និងប្រកបដោយផ្លែផ្កា" ហើយរួមបញ្ចូលទាំងការចូលរួមជជែកដោយផ្ទាល់ និងដោយប្រយោល។ ប្រភពបន្តថា "នៅមានអ្វីជាច្រើនដែលត្រូវធ្វើ ប៉ុន្តែវឌ្ឍនភាពកំពុងកើតមានលើការឈានដល់កិច្ចព្រមព្រៀងមួយ"។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ ធ្លាប់បានប្រកាសរួចហើយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នឹងជួបគ្នាម្តងទៀតនៅថ្ងៃទី០៣ ឧសភា តែមិនលម្អិតទីតាំងឡើយ។ ប្រភពមន្ត្រីអាមេរិកបានបញ្ជាក់ថា កិច្ចចរចាបន្ទាប់នឹងធ្វើនៅអឺរ៉ុប ប៉ុន្តែក៏មិនប្រាប់ថាធ្វើនៅប្រទេសណាដែរ។ គួររម្លឹកថា កិច្ចចរចាជុំទី២ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរ៉ូមរបស់ប្រទេសអឺរ៉ុប អ៊ីតាលី កាលថ្ងៃទី១៩ ខែមេសា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា កិច្ចចរចាជុំចុងក្រោយនេះគឺ "ម៉ឺងម៉ាត់ជាងពេលមុនៗ" ហើយភាគីទាំងពីរ "បានបញ្ចូលព័ត៌មានលម្អិតបច្ចេកទេសបន្ថែមទៀតបន្តិចម្តងៗ" ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ៕