ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គណបក្សនយោបាយ បានចាត់ទុកដំណើការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយគ.ជ.ប អាចទទួលយកបាន និងរំពឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ នឹងមានតម្លាភាព។
គណបក្សនយោបាយនៅកម្ពុជា នៅថ្ងៃនេះ បានចាត់ទុកដំណើរការចុះឈ្មោះបោះឆ្នោតថ្មី របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចទទួលយកបាន បើទោះជានៅមានចំណុចខ្វះ ខាតតិចតួចក្ដី។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បាននិយាយថា តាមការសង្កេតដោយភ្នាក់ងាររបស់គណបក្សនេះ ដំណើការចុះឈ្មោះថ្មីនេះ ប្រព្រឹត្តិទៅមានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋជា ច្រើនបានទៅចុះឈ្មោះបោះឆ្នោត។
លោក គង់ គាំ ប្រធានកិត្ដិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងដែរថា ការចុះឈ្មោះបោះឆ្នោត របស់គ.ជ.ប នៅឆ្នាំ២០២១នេះ មានភាពល្អច្រើន ប៉ុន្តែក៏មានចំណុចខ្វះខាតមួយចំនួន ដែលគណបក្ស ឆន្ទៈខ្មែរ នឹងជជែកជាមួយ (គ.ជ.ប)ក្នុងកាលបរិច្ឆេទណាមួយ ដើម្បីរកដំណោះស្រាយរួមគ្នា។
លើសពីនេះ លោកមានជំនឿថា ដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្គាត់ នៅឆ្នាំក្រោយ គ.ជ.ប នឹង រៀបចំដោយតម្លាភាព ព្រោះបទពិសោធន៍កន្លងទៅ គ.ជ.ប រៀបចំបានល្អ ដោយទទួលស្គាល់ពីដៃគូពាក់ព័ន្ធផ្សេងៗ។
លោក ឈឹម ផលវវុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងដែរថា ដំណើរការចុះ ឈ្មោះឆ្នោតរបស់គ.ជ.បនៅឆ្នាំនេះ គឺអាចទទួលយកបាន។ លើសពីនេះ លោកបានស្វាគមន៍ចំពោះគណបក្សផ្សេងៗទៀត ដែលមានបំណងប្រកួតប្រជែងជាមួយគណបក្សកាន់អំណោច ប៉ុន្តែត្រូវគោរពទៅតាម លក្ខខណ្ឌ របស់គ.ជ.ប និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន គជប កាលពីពេលថ្មីៗនេះ បានបង្ហាញថា លទ្ធផលបណ្ដោះអាសន្ន នៃ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ គឺប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៤៥ម៉ឺននាក់ ខណៈការប៉ាន់ស្មានជាង១លាននាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងធ្វើឡើងនៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ ទូច សោភ័ណ




