ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថា កងកម្លាំងរបស់ប្រទេសលោក នៅតែធ្វើប្រតិបត្តិការនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។ ដំបូងឡើយ ទីក្រុងមូស្គូ បានអះអាងថា ខ្លួនបានដណ្តើមយកទឹកដីនេះមកវិញទាំងស្រុង។ លោក Zelenskiy បានបង្ហោះសារលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យដោយនិយាយថា ប្រតិបត្តិការការពារដ៏សកម្មកំពុងធ្វើឡើងនៅតំបន់ Kursk និង Belgorod។

លោកប្រធានាធិបតី បានទទូចឱ្យពិភពលោកដាក់សម្ពាធបន្ថែមទៀតទៅលើទីក្រុងមូស្គូ ខណៈលោក បានកត់សម្គាល់ពីស្ថានភាពនៅសមរភូមិមុខ និងសកម្មភាពរបស់កងទ័ពរុស្ស៊ី ដោយបង្ហាញពីកម្រិតនៃសម្ពាធបច្ចុប្បន្នថា មិនគ្រប់គ្រាន់ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមនោះទេ។

យោធាអ៊ុយក្រែន បានចេញផ្សាយរបាយការណ៍មួយដែលមានផែនទីតំបន់ កាលពីថ្ងៃអាទិត្យ។ ផែនទីចង្អុលបង្ហាញតំបន់នានាដែលយោធានិយាយថាខ្លួនដណ្តើមយកបាន។ របាយការណ៍ បាននិយាយថាអង្គភាពជាច្រើនរបស់អ៊ុយក្រែន បានរារាំងការវាយលុករបស់រុស្ស៊ីចំនួន១៥លើក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានបង្ហាញខ្លួនកាលពីថ្ងៃអាទិត្យក្នុងកម្មវិធីទូរទស្សន៍របស់សហរដ្ឋអាមេរិក។ លោកនិយាយថា ការចរចាសន្តិភាពចាំបាច់ត្រូវតែចាប់ផ្តើម។ លោក Rubio បាននិយាយបន្ថែមថា សប្តាហ៍នេះនឹងក្លាយជាសប្តាហ៍ដ៏សំខាន់ ខណៈទីក្រុងវ៉ាស៊ីនតោន អាចសម្រេចចិត្តថាតើខ្លួនមានបំណងបន្តពាក់ព័ន្ធក្នុងរឿងនេះទៀត ឬយ៉ាងណា។