ភ្នំពេញ៖ កម្ពុជាបង្ហាញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះនឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ-១៩។
នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្ត មន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីប្រកាសបើកកម្មវិធី ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងអន្តរក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនជាច្រើនរូប។
ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលត្រូវបានផ្តួចផ្តើមដោយអង្គការក្រុមប្រទេសនិយាយភាសារបារាំង ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសក្នុងតំបន់។
ជាមួយគ្នានេះ ឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការក្រុមប្រទេសនិយាយភាសារបារាំង ដែលកត្តាទាំងនេះនឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិនក្រុមប្រទេសនិយាយភាសារបារាំង មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្មដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃដែលកំពុងមានឧត្តមភាពរីកចម្រើន។
គួរបញ្ជាក់ផងដែរថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្គការក្រុមប្រទេសនិយាយភាសារបារាំង មានសរុបចំនួន ៨៨ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,៦ប៊ីលានដុល្លាអាមេរិកជាមួយប្រទេសក្រុមប្រទេសនិយាយភាសារបារាំង ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៩៕
អត្ថបទ៖ វណ្ណៈ




