នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ទើបតែងតាំងថ្មីប្រចាំព្រះរាជានៅនៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានបង្ហាញក្ដីស្វាគមន៍ចំពោះនិងអបអរសាទរចំពោះ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ដែលទើបទទួលបានការតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចប្រធានរដ្ឋសភា មានប្រសាសន៍ថា តាមរយៈបេសកម្មថ្មីនេះ ឯកឧត្តមឯកអគ្គរាជទូត មានតួនាទីដ៏សំខាន់ និងមមាញឹកខ្លាំងក្នុងការជំរុញទំនាក់ទំនងទ្វេភាគនៃព្រះរាជាណចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ក្នុងឱកាសនេះ សម្ដេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណ និងអបអរសាទរចំពោះលទ្ធផលជោគជ័យនៃការទទួលដំណើរទស្សនកិច្ចរបស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្នុងឱកាសនោះ សម្ដេចប្រធានរដ្ឋសភា បានរំពឹងថា កម្ពុជា-ថៃ និងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងសភានៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណានាំមកនូវផលប្រយោជន៍នៃការអភិវឌ្ឍ វិបុលភាព សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ជាការឆ្លើតតប ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសមនាព្រឹកនេះ។ ឯកឧត្តមបានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំមន្រ្ដីរាជការនៃរដ្ឋសភាទាំងអស់ដែលបានសម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទទួលដំណើរទស្សនកិច្ចយ៉ាងល្អរបស់លោកជំទាវ នាយករដ្ឋមន្រ្ដី នាពេលកន្លងទៅថ្មីៗនេះ ដែលដំណើរទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្ដីបានប្រព្រឹត្តទៅទទួលបានជោគជ័យ និងផ្លែផ្កាជាទីមោទន។
ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរាជទូតថៃថ្មីបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងបំពេញតួនាទី និងជំរុញនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាក្នុងវេទិការពហុភាគីផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ទំនាក់ទំនងសភា និងប្រជាជននៃប្រទេសទាំងពីរដំណើរការទៅបានល្អប្រសើរដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា