អ្នកចាត់ការ Real Madrid លោក Carlo Ancelotti នឹងចាប់ផ្តើមដំណើរការចរចាដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល មុន World Cup 2026 ឆាប់ៗនេះ។
បុរសវ័យ ៦៥ ឆ្នាំអ៊ីតាលីរូបនេះ នឹងជួបជាមួយអ្នកតំណាងសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលដើម្បីជជែកជុំវិញលទ្ធភាពនៃការផ្លាស់ប្តូរក្រុមជម្រើសជាតិប្រេស៊ីល។
លោក Ancelotti បានបញ្ជាក់ថា អនាគតរបស់លោកនឹងត្រូវយកមកពិភាក្សារក្រោយចប់រដូវកាលនេះ មិនមែនពេលនេះ នេះបើតាមការលើកក្រោយ Real Madrid ចាញ់ Barcelona ៣-២ បាត់បង់ពាន Copa del Rey ចុងសប្តាហ៍កន្លងទៅ។
យ៉ាងណាក្តី គេឃើញវត្តមានលោក Diego Fernandes តំណាងសហព័ន្ធបាល់ទាត់ប្រេស៊ីលមានមុខនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Seville កាលពីថ្ងៃសៅរ៍។
បើតាមសារព័ត៌មានអេស្ប៉ាញមួយចំនួនបានចុះផ្សាយថា លោក Carlo Ancelotti អាចនឹងចាកចេញពី Real Madrid មុនរដូវក្តៅខាងមុខ រឺមុន Club World Cup។
លោក Carlo Ancelotti បានស្ថិតក្នុងជម្រើសទីមួយរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល ក្នុងការមកកាន់តំណែងបន្តពីលោក Dorival Junior ដែលត្រូវបានបណ្តេញចេញក្រោយចាញ់អាហ្សង់ទីន ៤-១ កាលពីខែមុន។
ប្រេស៊ីលកំពុងឈរលេខបួនក្នុងតារាង នៃការប្រកួតជម្រុះ World Cup 2026 តំបន់អាមេរិកខាងត្បូង។
រំលឹកថាលោក Carlo Ancelotti ជាអ្នកចាត់ការជោគជ័យបំផុតម្នាក់ជាមួយក្លិបអាជីព ដោយធ្លាប់ដឹកនាំ Real Madrid ឈ្នះជើងឯក Champions League បីលើក La Liga ពីរលើក នៃអាជីពពីរលើកជាមួយ Real Madrid។
ពាក់ព័ន្ធនឹង Real Madrid ក៏ត្រូវបានគេដឹងថា ចាប់ផ្តើមរកអ្នកជំនួសតំណែងលោក Ancelotti ដែរ ខណៈដែល អ្នកចាត់ការ Leverkusen លោក Xabi Alonso គឺជាជម្រើសដំបូង៕
អត្ថបទ៖នាង សុភាវុធ