បាល់ទាត់៖ ខ្សែបម្រើថៃ Chanathip Songkrasin បានធ្វើដំណើរមកដល់ទឹកដីសិង្ហបុរីកាលពីថ្ងៃចន្ទ និងបានចូលធ្វើការហ្វឹកហាត់លើកដំបូងជាមួយក្រុមថៃ ដើម្បីត្រៀមការប្រកួតទី២ ក្នុងពូល A បន្ទាប់ពីអវត្តមានការប្រកួតទី១ ទល់នឹងទីម័រ។

Chanathip រួមជាមួយខ្សែការពារឆ្វេង Theerathon Bunmathan គឺជាកីឡាករនាំលេងសំខាន់ពីររូបនេះរបស់ក្រុមថៃ ដែលប្រកបអាជីពនៅទឹកដីជប៉ុនក្របខណ្ឌកំពូលពោលគឺ Chanathip លេងឱ្យ Consadole Sapporo ឯ Theerathon លេងឱ្យ Yokohama F Marinos ឈ្នះជើងឯកឆ្នាំមុន។ តែ Theerathon មិនមានវត្តមានឡើយក្នុងការហ្វឹកហាត់ជាមួយក្រុមថៃនៅថ្ងៃអង្គារម្សិលមិញ។ ក្រុមជើងឯកតំបន់អាស៊ាននេះច្រើនសម័យជាងគេថៃ បានបើកឆាកការប្រកួតឆ្នាំនេះជាមួយនឹងជ័យជំនះ ២-០ លើក្រុមទីម័រឡេស្តេកាលពីថ្ងៃអាទិត្យ។ ថៃមិនមានការប្រកួតឡើយនៅថ្ងៃនេះក្នុងពូល A តែនឹងត្រូវជួបជាមួយមីយ៉ាន់ម៉ាប្រកួតទី២ របស់ខ្លួននៅថ្ងៃសៅរ៍៕
អត្ថបទ៖នាង សុភាវុធ