ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃអាទិត្យថា មិនអាចមានកន្លែងសម្រាប់ការរើសអើងជាតិសាសន៍ និងការស្អប់ខ្ពើម នៅក្នុងប្រទេសបារាំងនោះទេ បន្ទាប់ពីមានការចាក់សម្លាប់ជនមូស្លីមយ៉ាងឃោរឃៅ នៅវិហារឥស្លាមមួយកន្លែង នៅភាគខាងត្បូងនៃប្រទេសនេះ។

លោក ម៉ាក្រុង បានសរសេរនៅលើបណ្តាញសង្គម X នៅក្នុងការអត្ថាធិប្បាយដំបូងរបស់លោកអំពីការសម្លាប់កាលពីថ្ងៃសុក្រថា៖«ការរើសអើងជាតិសាសន៍ និងការស្អប់ខ្ពើមផ្អែកលើសាសនា មិនអាចកើតមាន នៅក្នុងប្រទេសបារាំងទេ។ សេរីភាពនៃការគោរពបូជា មិនអាចត្រូវបានរំលោភបំពានឡើយ ដោយបន្តការគាំទ្ររបស់លោកដល់ប្រជាពលរដ្ឋមូស្លីមរបស់យើង»។

អ្នកវាយប្រហារដែលកំពុងរត់គេចខ្លួននោះ បានចាក់អ្នកគោរពបូជានោះរាប់សិបដង ហើយបន្ទាប់មកបានថតជនរងគ្រោះដោយទូរស័ព្ទដៃ ខណៈពេលដែលស្រែកជេរប្រមាថសាសនាឥស្លាម ក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ នៅក្នុងភូមិ La Grand-Combe ក្នុងតំបន់ Gard។
នាយករដ្ឋមន្ត្រីបារាំងលោក Francois Bayrou បានថ្កោលទោសនូវអ្វីដែលលោកបានពិពណ៌នាថា ជា «អំពើឃោរឃៅដែលបង្កឡើងដោយការស្អប់សាសនាឥស្លាម»។
ជនល្មើស បានផ្ញើវីដេអូដែលខ្លួនបានថតដោយទូរស័ព្ទ ដែលបង្ហាញពីជនរងគ្រោះកំពុងឈឺចុកចាប់ទៅ មនុស្សម្នាក់ទៀត ដែលបន្ទាប់មកចែករំលែកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម មុនពេលលុបវីដេអូនោះ។