របាយការណ៍មួយចេញផ្សាយដោយក្រុមស្រាវជ្រាវលើជម្លោះឈានមុខគេនៅថ្ងៃចន្ទ (២៨ មេសា) នេះបានបង្ហាញថា ការចំណាយលើវិស័យយោធារបស់ពិភពលោក បានឈានដល់តួលេខ ២,៧២សែនកោដិដុល្លារ ក្នុងឆ្នាំ២០២៤ ដោយកើនឡើង ៩,៤% ពីឆ្នាំ២០២៣ និងជាកំណើនខ្ពស់បំផុតក្នុងកំណត់ត្រាប្រចាំឆ្នាំ ចាប់តាំងពីសង្រ្គាមត្រជាក់បានបញ្ចប់មក។

ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា កំណើនភាពតានតឹងភូមិសាស្ត្រនយោបាយ បានបង្កើនការចំណាយលើផ្នែកយោធាយ៉ាងខ្លាំងនៅក្នុងគ្រប់តំបន់របស់ពិភពលោក ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សជាពិសេសនៅអឺរ៉ុប និងមជ្ឈិមបូព៌ា។

SIPRI និយាយថា "ជាង ១០០ប្រទេសជុំវិញពិភពលោក បានបង្កើនការចំណាយយោធារបស់ពួកគេនៅឆ្នាំ២០២៤"។ សង្គ្រាមនៅអ៊ុយក្រែន និងការសង្ស័យលើការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះសម្ព័ន្ធយោធាណាតូ បានមើលឃើញថាការចំណាយយោធានៅអឺរ៉ុប (រួមទាំងរុស្ស៊ី) កើនឡើង ១៧% ដែលជំរុញឱ្យការចំណាយយោធារបស់អឺរ៉ុបឡើងលើសកម្រិតដែលបានកត់ត្រានៅចុងបញ្ចប់នៃសង្គ្រាមត្រជាក់។

ការចំណាយលើផ្នែកយោធារបស់អាមេរិក បាននាំមុខគេក្នុងពិភពលោក ដោយកើនឡើង ៥,៧% ដល់ទៅ ៩៩៧ពាន់លានដុល្លារ ដែលជាកម្រិត ៦៦% នៃការចំណាយសរុបរបស់អង្គការណាតូ និងចំណែក ៣៧% នៃការចំណាយយោធាពិភពលោកក្នុងឆ្នាំ២០២៤៕