ភ្នំភ្លើងបន្ទុះសកម្មមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះបញ្ចេញសំណុំផេះកម្ពស់ ៤,៥គីឡូម៉ែត្រ ឡើងលើផ្ទៃមេឃនៅព្រឹកថ្ងៃចន្ទ (២៨ មេសា) នេះ ដែលជំរុញឱ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្ននៅភ្នំភ្លើង ប៊ូលូសាន (Bulusan) និងព្រមានអ្នកស្រុកឱ្យនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ចម្ងាយ ៤គីឡូម៉ែត្រ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បានបង្កើនស្ថានភាពប្រកាសអាសន្នរបស់ភ្នំ Bulusan ពីកម្រិត០ ទៅដល់កម្រិត១ នៅលើមាត្រដ្ឋាន ៥កម្រិតរបស់ខ្លួន ដែលជាសញ្ញាទាបប៉ុណ្ណោះនៃសកម្មភាពកម្រើករបស់ភ្នំភ្លើងកម្រិត និងជាការព្រមានអំពីការផ្ទុះបន្តបន្ទាប់ដែលអាចកើតមាន។
នៅមុនពេលការផ្ទុះកើតឡើងចន្លោះម៉ោងក្នុងស្រុក ៤:៣៦នាទីព្រឹក ដល់ម៉ោង ៥ព្រឹក ដោយវិទ្យាស្ថានភ្នំភ្លើងបានកត់ត្រាការរញ្ជួយដីដោយសារភ្នំភ្លើងចំនួន ៥៣លើក ក្នុងរយៈពេល ២៤ម៉ោង ហើយក្រុមមន្ត្រីក្នុងតំបន់បានរាយការណ៍ពីសំឡេងរំញ័រ។
អាជ្ញាធរក៏បានជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងតំបន់គ្រោះថ្នាក់ចម្ងាយ ២គីឡូម៉ែត្រនៅផ្នែកភាគអាគ្នេយ៍នៃភ្នំភ្លើង ដោយសារហានិភ័យនៃថ្ម និងកំទេចកំទីផ្សេងទៀតដែលអាចខ្ទាតចេញដោយកម្លាំងនៃបន្ទុះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលត្រូវបានណែនាំឱ្យព្រមានអាកាសយានិកមិនឱ្យហោះហើរនៅជិតកំពូលភ្នំភ្លើង Bulusan នេះ៕