យោធាប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ មេសា) ថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៥៤នាក់ ដែលប៉ុនប៉ងឆ្លងចូលទាំងយប់ទៅប្រទេសនេះពីព្រំដែនអាហ្វហ្គានីស្ថាន ដែលជាតួលេខធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍ចារកម្មបានបង្ហាញថា ពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់នោះគឺពួក "Khwarij" ជាឃ្លាដែលរដ្ឋាភិបាលប្រើសម្រាប់ពួកសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន។ យោធានិយាយថា ពួកបះបោរដែលត្រូវសម្លាប់នោះ ត្រូវបានបញ្ជូនដោយ "ចៅហ្វាយនាយបរទេស" របស់ពួកគេ ដើម្បីធ្វើការវាយប្រហារកម្រិតខ្ពស់នៅប៉ាគីស្ថាន ប៉ុន្តែមិនបានចោទដាក់នរណាម្នាក់ឱ្យច្បាស់ទេ។

ក្រុមបះបោរត្រូវបានគេប្រទះឃើញ និងសម្លាប់នៅជិតអតីតបន្ទាយរបស់ពួកតាលីបង់ប៉ាគីស្ថាន នៅជិតតំបន់ Waziristan ខាងជើង ដែលជាស្រុកមួយនៅភាគពាយ័ព្យខេត្ត Khyber Pakhtunkhwa តាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន។

ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រទេសប៉ាគីស្ថាន បានមើលឃើញកំណើនអំពើហិង្សា ដែលភាគច្រើនត្រូវបានស្តីបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ថាឈ្មោះ Tehreek-e-Taliban Pakistan។ នេះជាក្រុមដាច់ដោយឡែកមួយ ប៉ុន្តែក៏ជាសម្ព័ន្ធមិត្តជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ដែលបានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១៕