ប្រធានាធិបតីលីបង់លោក Joseph Aoun បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ហើយបានទាមទារឲ្យសហរដ្ឋអាមេរិក និងបារាំង ចាត់វិធានការ ដើម្បីបញ្ចប់ការរំលោភបទឈប់បាញ់ដោយប្រទេសអ៊ីស្រាអែល។
លោកបានសង្កត់ធ្ងន់ថា៖«ការឈ្លានពានរបស់សត្រូវអ៊ីស្រាអែល ដែលបន្តការវាយប្រហារ ទាមទារឲ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីសហរដ្ឋអាមេរិក និងបារាំង ក្នុងនាមជាអ្នកធានានៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤»។ «ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីស ត្រូវតែបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួន ជាបន្ទាន់»។
លោកប្រធានាធិបតីលីបង់ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសរបស់លោក ចំពោះសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានសង្កត់ធ្ងន់ថា ការវាយប្រហារតាមអាកាសមិនឈប់ឈររបស់អ៊ីស្រាអែល «បំផ្លាញស្ថិរភាព និងបង្កើនភាពតានតឹងក្នុងតំបន់»។
កាលពីព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែលបានវាយប្រហារសង្កាត់ Hadath ភាគខាងត្បូងនៃទីក្រុងបេរូត ដោយកំណត់គោលដៅលើឃ្លាំងអាវុធរបស់ក្រុមហេសបូឡា។ នេះគឺជាការវាយប្រហារផ្លូវអាកាសលើកទី៣លើរដ្ឋធានីលីបង់ ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Paul Morcos បាននិយាយកាលពីថ្ងៃទី ១៧ ខែមេសាថា អ៊ីស្រា អែល បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយនឹងប្រទេសលីបង់ ដល់ទៅ ២.៧៤០ដង ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៩០នាក់។ លោកមិនបានបញ្ជាក់ថាតើមានជនស៊ីវិលប៉ុន្មាននាក់ត្រូវបានសម្លាប់នោះទេ។