កីឡាករវាយកូនបាល់អាល្លឺម៉ង់ Alexander Zverev ត្រូវបានទទួលការព្រមានពីអាជ្ញាកណ្តាល បន្ទាប់ប្រើប្រាស់ទូរស័ព្ទដៃថតខ្សែបន្ទាត់មុនពេលវាយបកយកឈ្នះកីឡាករអេស្ប៉ាញ Davidovich Fokina ២-៦ ៧-៦(៧-៣) និង ៧-៦ (៧-០) ឡើងវគ្គ ១៦ នាក់ចុងក្រោយ Madrid Open។
កីឡាករលំដាប់លេខពីរពិភពលោករូបនេះ បានផ្ទុះការតវ៉ាជាមួយអាជ្ញាកណ្តាលនៅហ្គេមទី ១០ នៃសិតទីពីរ ដោយនិយាយថាគ្រាប់បាល់របស់ Fokina ចេញក្រៅខ្សែបន្ទាត់ ហៅប្រព័ន្ធចាប់បាល់ចេញក្រៅប្រហែលមានកំហុស។
អាជ្ញាកណ្តាលបានព្រមាន Zverev សម្រាប់កាយវិការមិនសមជាអ្នកកីឡា តែកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានទុករឿងនេះមួយឡែក ដើម្បីយកឈ្នះការប្រកួតនេះ។
Madrid Open ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងអស់របស់ ATP ដែលត្រូវបានលុបចោលការប្រើប្រាស់អាជ្ញាកណ្តាលខ្សែបន្ទាត់ ជំនួសវិញដោយប្រព័ន្ធខ្សែបន្ទាត់អេឡិចត្រូនិចដើម្បីចាប់គ្រាប់ចេញរឺចូល។
យ៉ាងណាក្តី ព្រឹត្តិការណ៍ Grand Slam, French Open ដែលចាន់ផ្តើមនៅខែក្រោយ នៅតែបន្តប្រើប្រាស់អាជ្ញាកណ្តាលខ្សែបន្ទាត់នៅឡើយ។
ងាកមកលទ្ធផលផ្សេងទៀត កីឡាកររុស្ស៊ី Daniil Medvedev បានយកឈ្នះកីឡាករអាហ្សង់ទីន Juan Manuel Cerundulo ដែលមកពីវគ្គជម្រុះ ៦-២ និង ៦-២ ខណៈដែលកីឡាករកាហ្សាក់ស្ថាន Alexander Bublik យកឈ្នះកីឡាកររុស្ស៊ី Andrey Rublev ៦-៤ ០-៦ និង ៦-៤៕
អត្ថបទ៖នាង សុភាវុធ