ពលរដ្ឋប៉ាគីស្ថានរាប់ម៉ឺននាក់ បានជួបជុំគ្នានៅប៉មវិមានសាធារណៈ Minar-e-Pakistan ស្ថិតក្នុងសួនកម្សាន្ត Iqbal ទីក្រុង Lahore ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត ។

ព្រឹត្តការណ៍ដែលរៀបចំឡើងដោយគណបក្សនយោបាយ-សាសនាសំខាន់ Jamiat Ulema-e-Islam F(JUI-F) របស់ប៉ាគីស្ថាន បានទាក់ទាញមនុស្សយ៉ាងច្រើន ដោយពួកគេនាំគ្នាគ្រវីទង់ប៉ាឡេស្ទីន និងស្រែកពាក្យស្លោក ។ គណបក្សនយោបាយ-សាសនាផ្សេងទៀត បានចូលរួមព្រឹត្តការណ៍នេះផងដែរ ។
លោក Maulana Fazlur Rehman គឺជាប្រធានគណបក្ស JUI-F សន្យាបន្តការដង្ហែក្បួនសម្រាប់សិទ្ធិប៉ាឡេស្ទីន តំបន់កាស្មៀរ និងសិទ្ធិអ៊ិស្លាមនៅប្រទេសប៉ាគីស្ថាន និងបានព្រមានមេដឹកនាំពិភពលោកឲ្យបង្កើនទ្វេដង ដោះស្រាយបញ្ហាទាំងនេះ ។
គណបក្សជាច្រើន បានប្រកាសបង្កើតក្រុមប្រឹក្សារួបរួមមូស្លីម ដើម្បីសម្របសម្រួលការធ្វើបាតុកម្មទូទាំងប្រទេស និងធ្វើពហិការយុទ្ធនាការប្រឆាំងផលិតផលអ៊ីស្រាអែល ។
សង្រ្គាមហ្កាហ្សា បានផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ទៅកាន់តំបន់ហ្កាហ្សា ។ ចាប់តាំងពីពេលនោះមក ការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីបិទច្រកមួយនេះ បានសម្លាប់មនុស្សជាង ៥១.០០០នាក់ ៕
