បាល់ទាត់៖ ក្រុមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកតំបន់អាស៊ាន AFF Championship 2020 សិង្ហបុរីកំពុងសម្លឹងឃើញ ៣ពិន្ទុបន្ថែមនៅពេលជួបជាមួយហ្វីលីពីនក្នុងជំនួបទី២ ក្នុងពូល A ល្ងាចនេះ។ សិង្ហបុរីបានចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួនជាមួយនឹងជ័យជំនះ ៣-០ លើមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។

ការប្រកួតល្ងាចថ្ងៃពុធនេះនឹងជាការប្រកួតដំបូងរបស់ហ្វីលីពីននៅក្នុងពូល A នេះតែក្រុមហ្វីលីពីនអវត្តមានកីឡាករមួយចំនួន។ គ្រូបង្វឹកហ្វីលីពីនលោក Stewart Hall បានបញ្ជាក់ថា ខ្សែការពារ Jefferson Tabinas ដែលប្រកបអាជីពនៅទឹកដីជប៉ុននោះនឹងមិនមានវត្តមានឡើយ ហើយកីឡាករផ្សេងទៀតក៏នឹងអវត្តមានផងដែរ ដូចជាខ្សែបម្រើកូនកាត់អូស្ត្រាលី-ហ្វីលីពីន Iain Ramsey មកមិនទាន់ការប្រកួតទី១ របស់ហ្វីលីពីនផងដែរ។ ជ័យជំនះសំរាប់ក្រុមសិង្ហបុរីល្ងាចនេះ អាចនឹងធ្វើឱ្យពួកគេកក់កៅអីនៅវគ្គបន្តបានផងដែរ តែហ្វីលីពីនជាក្រុមដែលមានបទពិសោធខ្ពស់មួយផងដែរនៅពានក្នុងតំបន់មួយនេះ។
៥ព្រឹត្តិការណ៍ចុងក្រោយនៃពាន AFF Championship នេះហ្វីលីពីនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដល់ទៅ ៤លើក ខណៈសិង្ហបុរីខកខានឡើងមិនផុតវគ្គវិលជុំក្នុងពូល ៣ព្រឹត្តិការណ៍ចុងក្រោយមកហើយ។ មួយប្រកួតទៀតក្នុងពូល A នេះដែលប្រកួតគ្នារសៀលនេះគឺមីយ៉ាន់ម៉ាជួបជាមួយទីម័រឡេស្តេ៕
អត្ថបទ៖នាង សុភាវុធ