អាជ្ញាធរ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស កាលពីយប់ថ្ងៃអាទិត្យ (ទី២៧ ខែមេសា) នៅពេលដែលទូកមួយគ្រឿងបានបុកស្រឡាងដែលមានអ្នកដំណើររាប់សិបនាក់ជិះនៅលើនោះ នៅក្បែរស្ពាន Memorial Causeway ក្នុងទីក្រុង Clearwater រដ្ឋ Florida សហរដ្ឋអាមេរិក។
នគរបាលទីក្រុង Clearwater បានឲ្យដឹងនៅលើបណ្ដាញសង្គមថា អ្នកបើកបរទូកដែលបានបុកជាមួយស្រឡាង Clearwater Ferry ផ្ទុកមនុស្ស ៤៥នាក់ បានរត់គេចខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុនោះ។ ហើយនគរបាលបានប្រាប់ទៀតថា មនុស្សយ៉ាងហោចណាស់ ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់តាមឧទ្ធម្ភាគចក្រ។

កម្លាំងនគរបាល និងសេវាពន្លត់អគ្គិភ័យ បានទៅដល់កន្លែងកើតហេតុ។ នគរបាលក្រុង Clearwater បានឲ្យដឹងបន្ថែមថា នៅលើបណ្ដាញសង្គម មន្ទីរពេទ្យនៅក្បែរនោះ ត្រូវបានជូនដំណឹង ហើយ «ការជូនដំណឹង អំពីការរងរបួសជាច្រើន» ត្រូវបានចេញ ដោយឧទ្ធម្ភាគចក្រដឹកមនុស្ស ២នាក់ក្នុងចំណោមអ្នករងរបួសធ្ងន់ធ្ងរ។
នគរបាលបានប្រាប់ថា «ហេតុការណ៍នេះ ជាប់ពាក់ព័ន្ធនឹងស្រឡាង Clearwater Ferry ដែលមានមនុស្សច្រើនជាង ៤០នាក់នៅលើនោះ» ដោយបានបន្ថែមទៀតថា «ឆ្មាំល្បាតឆ្នេរអាមេរិក នឹងដោះស្រាយស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ អ្នករងរបួសទាំងអស់ គឺអ្នកជិះលើស្រឡាង។ ទូកដែលបុកស្រឡាងបានរត់ចេញពីកន្លែងកើតហេតុ»។
សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា វាគឺជាការបញ្ចប់នៃពិធី Sugar Sand Festival រយៈពេល ១៧ថ្ងៃ នៅយប់ថ្ងៃទី២៧ ខែមេសា ហើយមនុស្សជាច្រើន បានជិះស្រឡាងទៅមក សម្រាប់ពិធីបុណ្យនេះ។ ដៃគូសារព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ ABC News បានដកស្រង់សម្តីអភិបាលក្រុង Clearwater លោក Bruce Rector ដែលនិយាយថា ទូកដែលបុកជាមួយស្រឡាងនេះ គឺជាកម្មសិទ្ធិឯកជន៕

