ដែនដីហ្គ្រីនឡែនដ៍ (Greenland) និងប្រទេសដាណឺម៉ាក កាលពីថ្ងៃអាទិត្យ (ទី២៧ ខែមេសា) បានព្រមព្រៀងពង្រឹងទំនាក់ទំនងរបស់ពួកគេ ជាការឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការកាន់កាប់កោះអាក់ទិកដែលមានទីតាំងជាយុទ្ធសាស្ត្រនេះ។ នេះជាការអះអាងបញ្ជាក់ពីមេដឹកនាំនៃដែនដីទាំង២ បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុង Copenhagen។
នាយករដ្ឋមន្ត្រីថ្មីរបស់ដែនដីហ្គ្រីនឡែនដ៍ លោក Jens-Frederik Nielsen បានទៅដល់រដ្ឋធានីដាណឺម៉ាកកាលពីថ្ងៃទី២៦ ខែមេសា ជាដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីបង្ហាញពីការរួបរួម រវាងកោះដែលសម្បូរដោយធនធានរ៉ែ និងប្រទេសដាណឺម៉ាក។

អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen លោក Nielsen បាននិយាយថា៖ «យើងកំពុងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេស ដែលមានន័យថា យើងត្រូវតែខិតឲ្យកាន់តែជិតគ្នា»។
ដំណើរទស្សនកិច្ចរបស់លោក Nielsen ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងជាច្រើនខែ ជុំវិញការប្រកាសម្តងហើយម្តងទៀតរបស់លោក Trump ដែលថា ហ្គ្រីនឡែនដ៍ដែលជាដែនដីពាក់កណ្ដាលស្វយ័តរបស់ដាណឺម៉ាក គួរតែក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ មេដឹកនាំនៃប្រទេសដាណឺម៉ាក និងហ្គ្រីនឡែនដ៍ បានលើកឡើងដូចគ្នាថា មានតែអ្នកកោះហ្គ្រីនឡែនដ៍ប៉ុណ្ណោះ ទើបអាចសម្រេចពីអនាគតរបស់ដែនដីនេះបាន»៕

