នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមហ៊ូធីយេម៉ែន បានចោទប្រកាន់ថា ការវាយប្រហារតាមច្រកអាកាសសហរដ្ឋអាមេរិកលើពន្ធនាគារដាក់ជនអន្តោប្រវេសន៍អាហ្វ្រិក បានសម្លាប់មនុស្សយ៉ាងហោច ៦៨នាក់ និងមនុស្ស ៤៧នាក់ផ្សេងទៀត រងរបួស ។ យោធាសហដ្ឋអាមេរិក ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេចំពោះការចោទប្រកាន់មួយនេះ ។

ការវាយប្រហារនៅតំបន់ Saada របស់យេម៉ែនដែលជាតំបន់កាន់កាប់ដោយក្រុមហ៊ូធី គឺជាឧបទ្ទេវហេតុចុងក្រោយគេនៅក្នុសង្រ្គាមអូសបន្លាយពេល ១ទសវត្សរ៍របស់ប្រទេសមួយនេះ បណ្តាលឲ្យស្លាប់ជនអន្តោប្រវេសន៍អាហ្វ្រិកមកពីប្រទេសអេត្យូពី និងប្រទេសផ្សេងទៀត ដែលផ្សងជីវិតធ្វើដំណើរឆ្លងកាត់ប្រទេសមួយនេះ ដើម្បីមានឱកាសបានធ្វើការនៅប្រទេសជិតខាងអារ៉ាប៊ីសាអូឌីត ។
វាបានក្លាយជាសំនួរថ្មីផងដែរពីក្រុមសកម្មជនចំពោះយុទ្ធនាការរបស់សហរដ្ឋអាមេរិកដែលមានគោលដៅលើក្រុមឧទ្ទាមហ៊ូធី ស្របពេលរដ្ឋបាលសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី Donald Trump កំពុងចរចាជាមួយអ៊ីរ៉ង់ ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរដ៏ជឿនលឿនយ៉ាងឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃចន្ទនេះ មុនពេលផ្ទុះព័ត៌មានចោទប្រកាន់ការវាយប្រហារនេះ កងបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បានព្យាយាមការពារគោលនយោបាយរបស់ខ្លួន ដោយ ពួកគេពុំបានផ្តល់រឿងរ៉ាវលម្អិតច្បាស់លាស់នោះទេ ចំពោះយុទ្ធនាការវាយប្រហារតាមច្រកអាកាសទូលំទូលាយរបស់ខ្លួន ៕
