នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិរុស្ស៊ីបញ្ចេញរូបភាពវីដេអូឃ្លីបដោះគ្រាប់មីននៅភូមិជាច្រើនក្នុងតំបន់ Kursk ដែលត្រូវដណ្តើមបានកាលពីពេលកន្លងទៅដោយកងកម្លាំងអ៊ុយក្រែន ។
នៅក្នុងរូបភាពវីដេអូឃ្លីបនេះ ឃើញយោធារុស្ស៊ីដើរប្រមូលគ្រាប់មីនមិនទាន់ផ្ទុះ ដើម្បីកម្ទេចចោលតាមក្រោយ ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទូរស័ព្ទទៅកាន់ក្រុមមេបញ្ជាការជាន់ខ្ពស់របស់លោកនៅតំបន់ Kursk ដើម្បីអបអរសាទរពួកគេសម្រាប់ជ័យជំនះនេះ ហើយនិងការបញ្ចប់ប្រតិបត្តិការបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ភាគខាងលិចរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែននៅបន្តប្រតិបត្តិការរបស់ខ្លួនដដែលនៅតំបន់ Kursk និងតំបន់ Belgorod របស់រុស្ស៊ី ។
សូមបញ្ជាក់ថា កងកម្លាំងរុស្ស៊ី បានព្យាយាមរុញច្រានអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីបណ្តេញកងកម្លាំងអ៊ុយក្រែនដែលបានបើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលឆ្លងកាត់ព្រំដែនកាលពីខែសីហា ឆ្នាំមុន និងដណ្តើមគ្រប់គ្រងដែនដីមួយចំនួនរបស់រុស្ស៊ី ៕