នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូង និយាយថា ការបញ្ជាក់របស់កូរ៉េខាងជើងថាទាហានរបស់ខ្លួន ត្រូវបានបញ្ជូនទៅធ្វើសង្រ្គាមអ៊ុយក្រែន គឺជាការទទួលស្គាល់ទង្វើឧក្រិដ្ឋកម្ម ។
កូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូងនៅថ្ងៃចន្ទនេះថា ពួកគេបានបញ្ជូនទាហានទៅប្រយុទ្ធឲ្យរុស្ស៊ីនៅក្នុងសង្រ្គាម ក្រោមការបញ្ជាពីលោកមេដឹកនាំ Kim Jong Un ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីរបស់បក្សកាន់អំណាចកូរ៉េខាងជើងថា ការបញ្ចប់ដោយជ័យជំនះនៃសមរភូមិរំដោះតំបន់ Kursk របស់រុស្ស៊ី បានបង្ហាញពីកម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតនៃមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំ រវាងកូរ៉េខាងជើង និងរុស្ស៊ី ។

KCNA រាយការណ៍បន្តថា ការសម្រេចដាក់ពង្រាយទ័ពនេះស្ថិតក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាកាលពីឆ្នាំមុន ដោយលើកសរសើរទាហានទាំងនោះថាជាវីរបុរសដ៏ក្លាហាន ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានថ្កោលទោសកូរ៉េខាងជើងផងដែរសម្រាប់ការសម្រេចចិត្តដ៏អមនុស្សធម៌ និងអសីលធម៌ សម្រាប់ការបញ្ជូនពលរដ្ឋក្មេងៗរបស់ពួកគេទៅធ្វើសង្រ្គាម ដោយមានគោលបំណងជួយរបបខ្លួនឯង ។
មន្ត្រីអ៊ុយក្រែននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុប ១៤.០០០នាក់ រួមទាំងកងពង្រឹង ៣ពាន់នាក់ ដើម្បីជំនួសការខាតបង់របស់ខ្លួន។ ដោយខ្វះរថពាសដែក និងបទពិសោធន៍ធ្វើសង្គ្រាមយានដ្រូន ទាហានក្រុងព្យុងយ៉ាងបានរងគ្រោះធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស ៕
