មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ នៅថ្ងៃចន្ទ (ទី២៨ ខែមេសា) នេះ បានច្រានចោលនូវការលើកឡើង ដែលថា ទីក្រុងសេអ៊ូលនឹងយល់ព្រមលើកញ្ចប់ពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលប្រទេសនេះរៀបចំការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៣ ខែមិថុនា ហើយបានលើកពីបញ្ហាប្រឈម ដែលនាំឲ្យមានការលំបាក ក្នុងការឈានដល់កិច្ចព្រមព្រៀង សូម្បីតែនៅមុនដើមខែកក្កដា។
គួរបញ្ជាក់ថា ក្រោយមានកិច្ចពិភាក្សាផ្លូវការលើកដំបូង រវាងភាគីទាំង២ អំពីបញ្ហាពន្ធ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក គណៈប្រតិភូរបស់ទីក្រុងសេអ៊ូល នៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់ឲ្យដឹងថា ប្រទេសនានា កាលពីសប្តាហ៍មុន បានយល់ព្រមបង្កើតកញ្ចប់ពាណិជ្ជកម្ម ក្នុងគោលបំណងឲ្យមានការដកចេញនូវអត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិក មុនពេលការផ្អាកពន្ធបដិការត្រូវផុតកំណត់នៅថ្ងៃទី៨ ខែកក្កដា។

តែទោះបីជាយ៉ាងណាក្ដី អ្នកវិភាគនយោបាយ បានកត់សម្គាល់ថា វាអាចជាការលំបាក សម្រាប់កូរ៉េខាងត្បូង ក្នុងការធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ជុំវិញគម្រោងថាមពលធំៗ និងការចំណាយលើវិស័យការពារជាតិ ខណៈដែលប្រទេសនេះ បច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយប្រធានាធិបតីស្តីទី។
កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីអតីតប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានបញ្ចប់តំណែង ដោយសារតួនាទីរបស់លោកក្នុងការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីខែធ្នូឆ្នាំមុន។
លោក Park Sung-taek អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានប្រាប់អ្នកsar ព័ត៌មានថា តាមទ្រឹស្តី វាមិនអាចទៅរួចឡើយ ដែលប្រទេសទាំង២ សម្រេចនូវកញ្ចប់ពាណិជ្ជកម្មដ៏ទូលំទូលាយមួយ នៅចុងខែឧសភា ឬដើមខែមិថុនានោះ។ លោកបានបញ្ជាក់ថា៖ «យើងបានពន្យល់យ៉ាងពេញលេញ អំពីស្ថានភាពនយោបាយរបស់យើងទៅកាន់សហរដ្ឋអាមេរិក អំឡុងពេលមានការចរចាចុងក្រោយរបស់យើង។ ភាគីអាមេរិកក៏យល់ដែរថា ស្ថានភាពនយោបាយខុសពីប្រក្រតីរបស់កូរ៉េខាងត្បូងនេះ អាចជាកត្តាកំណត់ ដែលធ្វើឲ្យការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង»៕
