នៅថ្ងៃចន្ទនេះ ទីក្រុងភាគអាគ្នេយ៍ Daegu របស់កូរ៉េខាងត្បូង បានបញ្ជាឲ្យពលរដ្ឋជាង ១.២០០នាក់ ជម្លៀសចេញ ក្រោយខ្យល់បក់ខ្លាំងធ្វើឲ្យភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស ហើយនិងបង្ខំឲ្យបិទផ្លូវហាយវ៉េ ដោយសារក្តីបារម្ភពីភ្លើងឆេះព្រៃ ។
សេវាកម្មព្រៃឈើកូរ៉េ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លើងឆេះព្រៃ បានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោង ២រសៀល ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះ ហើយនិងបានធ្វើឲ្យប៉ះពាល់ដល់ដីព្រៃប្រហែល ៥០ហិចតា ក្នុងរយៈពេលជាង ២ម៉ោង ដោយសារស្ថានភាពស្ងួត និងខ្យល់បក់ឥតឈប់ឈរ ។

គ្មានគ្រោះថ្នាក់ត្រូវបានរាយការណ៍នោះទេមកទល់នឹងពេលនេះ ពីភ្លើងឆេះព្រៃនៅជុំវិញទីក្រុង Daegu ដែលមានចម្ងាយប្រហែល ២៣៣គ.មភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល ។
សេវាកម្មព្រៃឈើកូរ៉េ និយាយថា ឧទ្ធម្ភាគចក្រ ២៦គ្រឿង និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ២០២នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងភ្លើងឆេះព្រៃ ខណៈដែលផ្លូវល្បឿនលឿន Gyeongbu ត្រូវបានបិទ ។
គួរឲ្យដឹងថា កាលពីខែមីនាកន្លងទៅ កូរ៉េខាងត្បូង បានរងគ្រោះដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតពុំធ្លាប់មាននៅក្នុងប្រទេសរបស់ពួកគេ ក្នុងនោះមនុស្សជិត ៣០នាក់ ត្រូវបានសម្លាប់ ហើយវត្តអារាមប្រវត្តិសាស្រ្ត ត្រូវបានបំផ្លាញផងដែរ ៕

